ឯកឧត្តម ចាន់ សុីណាត បានដឹកនាំក្រុមការងារ ក្រសួង សកបទ ប្រព័ន្ធធារាសាស្រ្តព្រែកជី ចុះធ្វើការពិនិត្យសកម្មភាពកំពុងដំណើរការការដ្ឋានលើប្រព័ន្ធធារាសាស្រ្តព្រែកជីកជំហានទី២


នៅថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម អនុរដ្ឋលេខាធិការ និងជានាយកគម្រោង PMU-ADB and WB MOWRAM ចាន់ សុីណាត បានដឹកនាំក្រុមការងារ ក្រសួង សកបទ ប្រព័ន្ធធារាសាស្រ្តព្រែកជី និងអាជ្ញាធរដែនដីឃុំព្រែកជី និងឃុំព្រៃត្រឡាច ស្រុករុក្ខាគីរី ខេត្តបាត់ដំបង ចុះធ្វើការពិនិត្យសកម្មភាពកំពុងដំណើរការការដ្ឋានលើប្រព័ន្ធធារាសាស្រ្តព្រែកជីកជំហានទី២ CW09 អូរត្រជាក់ចិត្ត ដែលមានបរិមាណការងារដូចតទៅៈ

១. ធ្វើការជួសជុលស្តារឡើងវិញលើអាងទឹកអូរត្រជាក់ចិត្ត។
២. ធ្វើការជីកប្រឡាយប្រព័ន្ធប្រឡាយមេ និងប្រឡាយរងក្នុងប្រវែងចំនួន ៥១១០ម៉ែត្រ។
៣. ធ្វើផ្លូវប្រវែងចំនួន ១៣០០ម៉ែត្រ។
៤. ធ្វើទំនប់អាងទឹកអូរត្រជាក់ចិត្តប្រវែងចំនួន ៤០២១ ម៉ែត្រ។
៥. សាងសង់សំណង់សិល្បការធំតូចចំនួន ១៤២ កន្លែង។
៦. ធ្វើទំនប់បង្ហៀរចំនួន ០១កន្លែង ប្រវែងចំនួន ១២០ម៉ែត្រ។
៧. ធ្វើការរំដោះដីជាច្រើនហិកតា ពីអាវុធយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះដើម្បីដំណើរការជីប្រព័ន្ធប្រឡាយ។ តំបន់អាងអូរត្រជាក់ចិត្តនេះ ជាតំបន់សមរភូមិប្រទាញទង់ដ៏យូរលុង រួចត្រូវបានទុកចោលមិនដែលមានការប្រើប្រាស់។

នេះជាការគិតគូរប្រកបដោយបទពិសោធន៍ខ្ពស់របស់ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដែលតែងតែយកចិត្តទុកដាក់ជាប្រចាំលើការប្រើប្រាស់ឲ្យអស់លទ្ធភាព និងសក្តានុពលទឹកដែលមានក្នុងតំបន់ និងតំបន់ជិតខាង យកមកផ្គត់ផ្គង់ឲ្យតំបន់ស្រុកមោងឬស្សី និងស្រុករុក្ខគីរីរបស់ខេត្តបាត់ដំបង ឲ្យបានគ្រប់គ្រាន់តាមរយៈប្រព័ន្ធធារាសាស្រ្តព្រែកជីនេះឯង។ ក្រោយសង្រ្គាមតំបន់ប្រព័ន្ធធារាសាស្រ្តព្រែកជីក ត្រូវបានទុកចោលប្រើមិនកើត។ ទើបក្រោយមក ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំផ្ទាល់ធ្វើការសិក្សាគ្រោងប្លង់លម្អិតជាមួយនិងប្រព័ន្ធធារាសាស្រ្តបាសាក់ រួចហើយធ្វើការជួសជុលស្តារឡើងវិញ ធ្វើការសាងសង់ថ្មី និងដាក់ឲ្យប្រើប្រាស់ជំហានទី១ រួចហើយលើប្រព័ន្ធធារាសាស្រ្តទាំង២ខាងលើ។

ឯកឧត្តម អនុរដ្ឋលេខាធិការ បានជម្រាបជូនដល់អ្នកពាក់ព័ន្ធទាំងអស់ក្នុងស្រុកមោងឬស្សី និងស្រុករុក្ខគីរី របស់ខេត្តបាត់បង ដើម្បីជ្រាបថា ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានគិតគូរជាប្រចាំលើការធ្វើផែនការការងារអនុវត្តយុទ្ធសាស្រ្ត ចតុកោណ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា ដែលតែងតែកំណត់ច្បាស់ថាវិស័យទឹកជាមុំមួយដ៏សំខាន់បំផុតក្នុងបណ្តាមុំផ្សេងៗទៀត ឯកឧត្តមរដ្ឋមន្រ្តី បាននិងកំពុងរៀបចំផលិតទឹកឲ្យបានគ្រប់គ្រាន់ សម្រាប់ធ្វើកសិកម្ម និងមានទឹកគ្រប់គ្រាន់សម្រាប់ប្រើលើគ្រប់វិស័យពាក់ពន្ធ័ទាំងអស់ ដោយក្នុងពេលខាងមុខនេះ ឯកឧត្តមរដ្ឋមន្រ្តីនិងសហការជាមួយ ADB ធ្វើការកសាងគម្រោង MFF ដោយអនុវត្តន៍ដូចខាងក្រោមៈ

១. អូរទឹកពីតំបន់ខាងលើ ស្ទឹងសង្កែរមកតំបន់ព្រែកជីក។
២. កសាង Join Reservoir Operation រវាង អូរដូនទ្រី បាសាក់ និងអូរត្រជាក់ចិត្ត។
៣. ធ្វើការជួសជុលស្តារឡើងវិញ និងកសាងអាងទឹកបន្ថែមទៀតពីតំបន់ផ្ទៃរងទឹកភ្លៀងភ្នំបាសាក់។
៤. អូសទឹកពីតំបន់វាលវែង ជួរភ្នំក្រវាញមកភ្ជាប់និងតំបន់ព្រែកជីក។
៥. កសាង និងធ្វើទំនើបកម្មស្ថានីយបូមទឹកនៅផ្នែកខាងក្រោមស្រុកមោងឬស្សីកៀកនិងតំបន់៣ បឹងទន្លេសាបដើម្បីបូមទឹកពីបឹងទន្លេសាបមកជួយសង្រ្គោះនៅក្នុងរដូវប្រាំង។