ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ប្រជុំតាមដានវាយតម្លៃការអនុវត្តច្បាប់ជាតិអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយរដ្ឋមន្រ្តី និងការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់តម្រង់នៃការរើសអើងប្រឆាំងនិងនារីភេទនៅខេត្តប៉ៃលិន


ប៉ៃលិន៖ ព្រឹកថ្ងៃទី១៧ខែកក្តដា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ប្រជុំតាមដានវាយតម្លៃការអនុវត្តច្បាប់ជាតិ អនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុនសែន នាយរដ្ឋមន្រ្តី និងការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់តម្រង់នៃការរើសអើងប្រឆាំងនិងនារីភេទនៅខេត្តប៉ៃលិន ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោកជំទាវឆាយ វ៉ាន់នឿន រដ្ឋលេខា ធិការ ទីស្តីការគណៈរដ្ឋមន្រ្តី និងជាសមាជិកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ឯកឧត្តមផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និង លោកជំទាវប៊ុន ឈិតវាសនា អគ្គលេខា ធិការ ក្រុម ប្រឹក្សា ជាតិកម្ពុជាដើម្បីស្រ្តី និងមានការ អញ្ជើ ញចូលរួមពីសំណាក់ ក្រុមការងារក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី លោកលោកស្រី ប្រ ធាន អនុប្រធានមន្ទីរស្ថាប័នជំវិញខេត្ត ផងដែរ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ណែនាំដល់ ប្រធាន អនុប្រធានមន្ទីរ អភិបាលរងក្រុង/ស្រុក ត្រូវខិតខំប្រឹងប្រែង សហការ អនុវត្តនៃការលុបបំបាត់រាល់តម្រង់នៃការរើសអើងប្រឆាំងនិងនារីភេទ រួមចំណែកអនុវត្តតាមគោលនយោបាយរបស់រាជដ្ឋាភិបាល កម្ពុជាក្នុងការលុបបំបាត់រាល់តម្រង់នៃការរើសអើងប្រឆាំងនិងនារីភេទ អោយមានប្រសិទ្ធិភាព ពោះថាស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យ សេដ្ឋកិច្ច និងសង្គម ដូចជា៖

១/ស្រ្តីបំពេញតួនាទី(តាមក្រសួង ស្ថាប័ន អង្គភាព ការងារស្ម័គ្រ ចិត្ត និងការតព្វកិច្ចជាមេផ្ទះ)។

ទី២/ស្រ្តីថែរក្សាសង្គមគ្រួសារ(ណែនាំអបរំកូនចៅអោយក្លាយជាក្មេងល្អក្នុងសង្គម ប៉ិនប្រសប់ចាត់ចែងរាល់ការចាយវាយ សន្សំសំចៃ ទុកដាក់ថែរក្សាទ្រព្យសម្បត្តិក្នុងគ្រួសារ)។

ទី៣/ស្រ្តីអាចបង្កើតការងារដោយខ្លួនឯង(តាមរយៈការបង្កើតសហគ្រាស ខ្នាតតូច មធ្យម)។

ទី៤/ស្រ្តីអាចរែកពុនសម្ពាយបញ្ហាច្រើនជាងបុរស(ភាពអត់ធ្មត់ យោគយល់ អធ្យាស្រ័យ រាល់គ្រប់បញ្ហា) ដូច្នេះត្រូវខិតខំសិក្សារៀនសូត្រពង្រឹងសមត្ថភាពទាំងចំនេះជំនាញពិតប្រាកដ ដើម្បីក្លាយខ្លួនជាដឹកនាំ អភិវឌ្ឍន៍ ក្នុងអង្គភាព ស្ថាប័ននានារបស់រដ្ឋក៍ដូចជា វិស័យឯកជនផងដែរ ព្រោះថាស្រ្តីជាឆ្អឹងខ្នងដ៍មានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍អង្គភាព ស្ថាប័ន គ្រួសារ សេដ្ឋកិច្ច និងប្រទេសជាតិទាំងមូល។

លោកជំទាវ ឆាយ វ៉ាន់នឿន រដ្ឋលេខា ធិការ ទីស្តីការគណៈរដ្ឋមន្រ្តី និងជាសមាជិក ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានមានប្រសាសន៏ថា៖កិច្ចប្រជុំនៅពេលនេះដើម្បតាមដានវាយតម្លៃ ការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់តម្រង់នៃការរើសអើងប្រឆាំងនិងនារីភេទតាមអនុសាសន៏របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី និងច្បាប់ជាតិពាក់ព័ន្ធដែលទាក់ទង និងការលើកកម្ពស់ស្ថានភាពជីវភាពឋានៈតួនាទីនិងសុខមាលភាពស្ត្រីនៅខេត្តប៉ៃលិន នៅតាមមន្ទីរនិងស្ថាប័នជំនាញនីមួយៗត្រូវរាយការណ៏អោយបានច្បាស់លាស់ ដើម្បីធ្វើការកត់ត្រា និងរាយការណ៏ទៅថ្នាក់ជាតិអោយបានជ្រាបច្បាស់។

លោកជំទាវបន្តថា៖គ្រប់ស្ថាប័ន មន្ទីរ អាជ្ញាធរដែនដី ត្រូវយកចិតទុកដាក់ ក្នុងការបង្កើនចំនួនមន្រ្តីរាជការ ជាស្រ្តីបន្ថែមទៀត រួមទាំងចំនួនមន្រ្តីជាស្រ្តី ដែលមានសិទ្ធិសម្រេច និងជួយឧបត្ថម្ភគាំទ្រទាំងស្មារតី មធ្យោបាយ ថវិកា ព្រមទាំងផ្តល់ឱកាសអោយមានការចូលរួមមតិយោបល់ ជាពិសេសត្រូវជំរុញនិងលើកកម្ពស់រាល់សកម្មភាពទាំងអស់ គ្រប់កម្រិត ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាថាស្រ្តីត្រូវទទួលផលប្រយោជន៏ពីការផ្តល់សេវាសង្គម សេវារដ្ឋបាល និងសេវាសាធារណៈប្រកបដោយសមធម៌។

ទន្ទឹមនឹងនេះគ្រប់ស្ថាប័ន និងមន្ទីរទាំងអស់ត្រូវបន្តជំរុញការអនុវត្តផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័ររបស់ខ្លួនអោយកាន់តែមានប្រសិទ្ធិភាព។