អបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០១៩


ព្រឹក.ថ្ងៃអាទិត្យ ៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត រួមជាមួយ​ ឯកឧត្តម​ ជឹង​ ផល្លា​ ប្រធានក្រុមប្រឹក្សាខេត្ត​ អញ្ជើញជាអធិបតីភាព ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងញៀន “២៦ មិថុនា ២០១៩”។

សមាសភាពអញ្ជើញចូលរួម: ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក​ នាយករងរដ្ឋបាលសាលាខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត មេឃុំ នាយប៉ុស្តិនគរបាល ទូទាំងស្រុកឈូក ដងទង់ ជុំគីរី ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ចំនួន ១៨៩៨នាក់។

ឯកឧត្តម ជាវ តាយ បានមានប្រសាសន៍ថា : ការប្រារព្ធទិវាអន្តរជាតិនេះ គឺពិតជាមានអត្ថប្រយោជន៏ និងអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលបណ្តារដ្ឋជាសមាជិកទាំងអស់នៅលើសកលលោក តែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្រោមប្រធានបទ”សុខភាព ដើម្បីយុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព” ដើម្បីពញ្ញាក់ស្មារតី និងដាស់តឿន ក្រើនរំលឹកដល់ជនគ្រប់រូបឲ្យយកចិត្តទុកដាក់ និងចូលរួមកាន់តែសកម្មថែមទៀតក្នុងការបង្ការ ទប់ស្កាត់ និងដោះស្រាយរាល់បញ្ហា ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ប្រកបដោយការទទួលខុសត្រូវ ឈានទៅសម្រេចតាមខ្លឹមសារពាក្យស្លោក “ចូលរួមលុបបំបាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅយើង”។