រាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា សហរដ្ឋអាមេរិក បង្ហាញភាពប្រាកដប្រជា ក្នុងការអនុវត្តសន្ធិសញ្ញាមិត្តភាព ប្រឆាំងនឹងការជ្រៀតជ្រែក បញ្ហាផ្ទៃក្នុង ប្រជាជាតិនីមួយៗ


ភ្នំពេញ៖ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២២ កក្កដានេះ បានសម្ដែងក្ដីសង្ឃឹម យ៉ាងមុតមាំថា សហរដ្ឋអាមេរិក ច្បាស់ជាបង្ហាញ នូវភាពប្រាកដប្រជា ក្នុងការអនុវត្តសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងភាពនីតិរដ្ឋ និងជាគំរូដល់ប្រជាជាតិនានា ក្នុងសកលលោក រួមគ្នាប្រឆាំងនឹងការជ្រៀតជ្រែក បញ្ហាផ្ទៃក្នុង ប្រជាជាតិនីមួយៗ ។

ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញប្រតិកម្មបែបនេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បន្ទាប់ពីកាសែតអាមេរិក បានចុះផ្សាយថា កម្ពុជាបានចុះហត្ថលេខា ជាការសម្ងាត់ជាមួយចិន រឿងមូលដ្ឋានយោធា បានធ្វើឲ្យអាមេរិក មានការព្រួយបារម្ភយ៉ាងខ្លាំង។

ពាក់ព័ន្ធបញ្ហានេះ នាយឧត្តមសេនីយ៍ ឈុំ សុជាតិបានប្រតិកម្មតបភ្លាមៗដែរថា “វាជារឿងហួសចិត្ត ដែលសារព័ត៌មាន របស់សហរដ្ឋអាមេរិក បានប្រឌិតព័ត៌មាន ដ៏ឆ្កួតលីលា តាមអំពើចិត្ត អំពីមូលដ្ឋានទ័ពបរទេស នៅលើទឹកដីកម្ពុជា ហើយត្រូវបានបន្ទោរ ដោយសារព័ត៌មាន របស់ពួកគេដទៃទៀត ដែលហាក់ធ្វើឡើង ក្នុងចេតនាចង់បំផ្លាញ ដល់សន្តិសុខ និងសន្តិភាពនៅកម្ពុជា និងក្នុងតំបន់”។

ឯកឧត្តម ផៃ ស៊ីផាន បានលើកឡើងថា”ថ្ងៃនេះ ជាខួបលើកទី១០នៃការចុះហត្ថលេខារបស់ សហរដ្ឋអាមេរិក ក្នុងការគោរព និងអនុវត្តនូវសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាមួយអាស៊ាន។ គឺការចុះហត្ថលេខានេះ បានធ្វើតាំងពីរដ្ឋាភិបាល លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា មកពីគណបក្សប្រជាធិបតេយ្យ។ សហរដ្ឋអាមេរិក បានប្ដេជ្ញាក្នុងការអនុវត្ត នូវគោលការមិនជ្រៀតជ្រែក ការងារផ្ទៃក្នុង របស់ប្រជាជាតិនីមួយៗ នៃសមាគមអាស៊ានជារួម ដោយឡែកក៏ដូចជាដោយផ្ទាល់ ជាមួយបណ្ដាប្រទេស ជាសមាជិកអាស៊ាន។ ក្នុងជាមួយគ្នានេះដែរ លោកប្រធានាធិបតី ដូណាល់ ចេ ត្រាំ មកពីបក្សសាធារណរដ្ឋ ក៏បានបញ្ជាក់ ពីនយោបាយការបរទេស ដែលមិនជ្រៀតជ្រែក ចូលក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃ។ ជាកំណត់សម្គាល់របស់ខ្ញុំ គឺរដ្ឋាភិបាលបក្សទាំងពីរ មានគោលការ ស្របគ្នា” ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ​បានបញ្ជាក់ថា​ “ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សហរដ្ឋអាមេរិក ទាំងនីតិប្រតិបត្តិ និងនីតិបញ្ញត្តិ ដែលជាស្ថាប័នរដ្ឋ ប្រកបដោយភាពស៊ីវិល័យ នៃសហរដ្ឋអាមេរិក ច្បាស់ជាបង្ហាញនូវភាពប្រាកដប្រជា ក្នុងការអនុវត្តសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងភាពនីតិរដ្ឋ និងជាគំរូដល់ប្រជាជាតិនានា ក្នុងសកលលោក រួមគ្នាប្រឆាំងនឹងការជ្រៀតជ្រែក បញ្ហាផ្ទៃក្នុងប្រជាជាតិនីមួយៗ”៕