កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ លោកជំទាវ តឹករ៉េត កំរងរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួប ឯកឧត្តម Vladimir Goshin ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបេឡារុស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារស្តីពីពាណិជ្ជកម្មទ្វេរភាគីនៃប្រទេសទាំងពីរ។ អមដំណើរឯកអគ្គរដ្ឋទូតមាន លោក Stanislav Vassilevsky ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ស្ថានទូត និងតំណាងរោងចក្ររថយន្តនៅទីក្រុង Minsk។
នៅក្នុងជំនួប ឯកឧត្តម Vladimir Goshin បានជម្រាបលោកជំទាវរដ្ឋលេខាធិការថា ទំហំពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរមានទំហំតូចនៅឡើយ ហើយឯកឧត្តមបានស្នើឲ្យប្រទេសទាំងពីរគួរធ្វើការជាមួយគ្នាជិតស្និត ដើម្បីបង្កើនទំហំពាណិជ្ជកម្មឲ្បដល់ ២០០លានដុល្លារ នៅក្នុងឆ្នាំ ២០២០។ ឯកឧត្តមបានគូសបញ្ជាក់ថា បេឡារុសកំពុងស្វែងរកអ្នកផ្គត់ផ្គង់កៅស៊ូធម្មជាតិរបស់កម្ពុជា ដោយសារតែការផ្គត់ផ្គង់ពីវៀតណាមមិនគ្រប់គ្រាន់ ដែលនេះជាឱកាសល្អសម្រាប់កម្ពុជា។
ជាការឆ្លើយតប លោកជំទាវ តឹករ៉េត កំរង បានស្នើសុំ ឯកឧត្តម ឯកអគ្គរដ្ឋទូត ឲ្យសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ រៀបចំការផ្គូរផ្គងជំនួញ និងវេទិកាធុរកិច្ច ដូច្នេះវិនិយោគិន អាចស្វែងរកឱកាសធ្វើធុរកិច្ច បញ្ហាប្រឈមនានា និងច្បាប់ពាក់ព័ន្ធការវិនិយោគ ដែលផ្តល់អត្ថប្រយោជន៍សម្រាប់ពួកគេ។ លោកជំទាវ ក៏បានស្នើដល់តំណាងរោងចក្ររថយន្តនៅទីក្រុង Minsk ឲ្យពិចារណាប្រើប្រាស់ប្រទេសកម្ពុជា ធ្វើជាមូលដ្ឋានផលិតកម្ម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងសុ្រក និងនាំចេញទៅទីផ្សារអាស៊ាន ក៏ដូចជាទីផ្សារអឺរ៉ុប ដោយប្រើប្រាស់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម “អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ(EBA)” ផ្តល់ដោយសហភាពអឺរ៉ុប។ លើសពីនេះ លោកជំទាវ រដ្ឋលេខាធិការ ក៏បានស្នើ ឯកឧត្តម ឯកអគ្គរដ្ឋទូត ឲ្យអំពាវនាវប្រាប់អ្នកវិនិយោគបេឡារុស ធ្វើការទិញផលិតផលកសិកម្មដូចជាអង្ករ ឲ្យបានច្រើនពីប្រទេសកម្ពុជា។
ឯកឧត្តម Vladimir Goshin បានថ្លែងអំណរគុណដល់ លោកជំទាវ រដ្ឋលេខាធិការ ដែលបានចែករំលែកព័ត៌មាន ដែលមានអត្ថប្រយោជន៍ ហើយឯកឧត្តម នឹងសិក្សាពីលទ្ធភាពរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី២ ស្តីពីពាណិជ្ជកម្ម និងការវិនិយោគ នៅពាក់កណ្តាលឆ្នាំក្រោយនៅក្នុងប្រទេសបេឡារុស ដើម្បីអញ្ជីញភាគីកម្ពុជាចូលរួម។