កម្ពុជានិងបណ្តាប្រទេស៥ ដទៃទៀត ដែលមានទន្លេមេគង្គហូរឆ្លងកាត់ គ្រោងនឹងរៀបចំកិច្ចសហប្រតិបត្តិការ មេគង្គ ឡានឆាង លើកទី២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំមេគង្គ ឡានឆាង គឺសម្តៅប្រទេសដែលស្ថិតតាមដងទន្លេមេគង្គ គឺ កម្ពុជា ចិន ឡាវ ថៃ មីយ៉ានម៉ា និង វៀតណាម… ចំណែកទន្លេ ឡានឆាង គឺជាទន្លេមេគង្គ ផ្នែកខាងលើដែលហូរកាត់ប្រទេសចិន។
ទន្លេឡានឆាង គឺជាទន្លេមួយដែលដើរតួនាទីយ៉ាងសំខាន់បំផុត នៃការទទួលរបបទឹកទន្លេមេគង្គ ដែលហូរកាត់តាមប្រទេសទាំង៥ របស់អាស៊ាននេះ។ កិច្ចប្រជុំមេគង្គ ឡានឆាងរយៈពេល ២ថ្ងៃ ក្នុងសប្តាហ៍នេះ គឺនឹងក្លាយជាកិច្ចប្រជុំកំពូលមេគង្គ ឡានឆាងលើកទី២ បន្ទាប់ពី កិច្ចប្រជុំកំពូលឡានឆាង មេគង្គ លើកទី១ បានធ្វើកាលពីចុងខែមីនា ឆ្នាំ២០១៦ ក្នុងក្រុងសានយ៉ា នៃប្រទេសចិន ។ កិច្ចប្រជុំមេគង្គ ឡានឆាងលើកទី២ រវាងពីថ្ងៃទី២២ដល់ ២៣ធ្នូ ខាងមុខនេះ នឹងធ្វើនៅក្នុងក្រុងអង្គរខេត្តសៀមរាប ដែលនឹងមាន ការចូលរួមពីរដ្ឋមន្ត្រីការបរទេសទាំង ៦ប្រទេស ពីកម្ពុជា ចិន ឡាវ ថៃ មីយ៉ានម៉ា និង វៀតណាម ។
យោងតាមក្រសួងការបរទេស កិច្ចប្រជុំនឹងគ្រោងនឹងពិនិត្យ និងឯកភាពលើឯកសារចំនួន៣ រួមមានៈ
ទី១- សេចក្តីប្រកាសព័ត៌មានរួម របស់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាងលើកទី២
ទី២- បញ្ជីតាមដានលទ្ធផលកិច្ចប្រជុំកំពូលមេគង្គ ឡានឆាងលើកទី១
ទី៣- គោលការណ៍ទូទៅសម្រាប់ការបង្កើតក្រុមការងាររួម ស្តីពីវិស័យអាទិភាពសំខាន់ៗនៃកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង ។
ក្នុងកិច្ចប្រជុំមេគង្គ ឡានឆាងលើកទី១ សេចក្តីរាយការណ៍បានអោយដឹងថា ប្រទេសចិន បានសម្រេចតម្កល់មូលនិធិមួយចំនួនធំ ដើម្បីជួយជំរុញដល់គម្រោង និងកម្មវិធីអភិវឌ្ឍន៍នៅក្នុងប្រទេសទាំង៥ នៃទន្លេមេគង្គ ដែលនឹងជួយជំរុញដល់សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាកត្តាចាំបាច់បំផុត ។
ប្រទេសទាំង៦ តាមដងទន្លេមេគង្គ ក្នុងកិច្ចប្រជុំកាលពីខែមីនា ដើមឆ្នាំនេះ ក៏បានបញ្ជាក់ផងដែរ អំពីសក្តានុពលទេសចរណ៍ ដែលមានចំនួនប្រមាណ ១៥ លាននាក់ ក្នុងមួយឆ្នាំៗ ដែលមកទស្សនាក្នុងប្រទេសតាមដងទន្លេមេគង្គ និងជាប្រភពចំណូលមួយដ៏សំខាន់បំផុត រួមទាំងទំហំពាណិជ្ជកម្មប្រមាណ ១៩៣,៣ ប៊ីលានដុល្លារ ដែលនឹងជួយបង្កើនដល់ សេដ្ឋកិច្ចនៃបណ្តាប្រទេសទាំង៦ ថែមទៀតផង ។