កំពង់ធំ ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ សរុបចំនួន ១,៧២៣នាក់ដោយឥតគិតថ្លៃ។
ពិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺនេះ បានប្រព្រឹត្តទៅនៅទីតាំងសាលាបឋមសិក្សាសំបួរ ស្ថិតនៅភូមិសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។
ដោយមានការចូលរួមពីឯកឧត្តម សុខ លូ អភិបាល នៃគណ:អភិបាលខេត្តកំពង់ធំ និងក្រុមការងារ។
លោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍សំណេះសំណាល និងនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចជាកាលសម្តេចទាំងទ្វេតែងតែគិតគូរអំពីសុខទុក្ខពុកម៉ែ បងប្អូនគ្រប់ទីកន្លែង។
លោកជំទាវប្រធានក្រុមវេជ្ជសាស្ត្រ បានថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសម្របសម្រួលពុកម៉ែ បងប្អូន ឱ្យបានអញ្ជើញមកដល់ទីតាំង ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ។
មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារបានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក មាននំបញ្ចុក នំបុ័ង បបរគ្រឿង និងភេសជ្ជ: ទទួលទានរួមគ្នាយ៉ាងឆ្ងាញ់ពិសារប្រកបដោយភាពស្និទ្ធស្នាល សប្បាយរីករាយយ៉ាងក្រៃលែង។
ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានផ្តល់ការអប់រំផ្នែកសុខភាពបន្ថែមជូនដល់ពុកម៉ែ បងប្អូនទាំងអស់ដែលបានអញ្ជើញមកទទួលសេវាព្យាបាលសម្រាប់ថ្ងៃនេះ។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តបានបន្តវាស់ភ្នែកចែកជូនវែនតា សម្រាប់លោកយាយ លោកតា ចំនួន ៣០០នាក់, ចែកជូនសម្ភារសិក្សាសម្រាប់សិស្សានុសិស្ស, សំលៀកបំពាក់ជូនដល់លោកយាយ លោកតា ព្រមទាំងចែកជូនរទេះរុញសម្រាប់ជនពិការចំនួន ១៥គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ពុកម៉ែ បងប្អូន ដែលបានអញ្ជើញមកទទួលការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ នាពេលនេះសុទ្ធតែបានសម្តែងនូវអារម្មណ៍សប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយផ្តល់សេវាថែទាំសុខភាពប្រចាំថ្ងៃ ឱ្យកាន់តែបង្ខិតជិតមកដល់មូលដ្ឋានរបស់ពួកគាត់។
លោកជំទាវ ហ៊ុន ម៉ាណា បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ សរុបចំនួន ១,៧២៣នាក់ដោយឥតគិតថ្លៃ
