ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មអង្គ ការសហប្រជាជាតិ និងលោកជំទាវ ប៉ូលីន តាមស៊ីស (Pauline Tamesis) អ្នកសម្របសម្រួល អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជូនដំណើរកងអាវុធហត្ថលេខ ៨៦១ ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋ ស៊ូដង់ខាងត្បូង នៅវិទ្យាស្ថានបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ខេត្តកំពង់ស្ពឺ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ប៉ុល សារឿន បានគូសបញ្ជាក់ថា បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាតិ គឺជាការវិនិយោគដ៏សំខាន់មួយទៅ លើសន្តិភាព និងស្ថិរភាពពិភពលោក ក្នុងន័យនេះ ទោះបីការរក្សាសន្តិភាពជួបប្រទះនឹងបញ្ហាប្រឈមនានាដោយតួអង្គមិនមែនរដ្ឋ បានបង្កសង្គ្រាមឧទ្ទាមវាយប្រហារមកលើកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា បណ្តាលឱ្យបាត់បង់ជីវិត និងពិការជាច្រើននាក់ ក៏ប៉ុន្តែវាពុំបានកែប្រែនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តវិភាគទានចូលរួមចំណែកជាមួយសហគមន៍អន្តរជាតិ ក្នុងការបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិបានឡើយ ពីព្រោះវាជាបុព្វហេតុរួមដ៏ថ្លៃថ្លាបំផុតចំពោះសន្តិភាព និងស្ថិរភាពពិភពលោក។ ឯកឧត្តម បានបន្តទៀតថា យើងទាំងអស់គ្នាត្រូវចូលរួមការពារនូវសុខសន្តិភាពរបស់កម្ពុជាឱ្យស្ថិតស្ថេរគង់វង្សជារៀងរហូត និងត្រូវចូលរួមបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងប្រឆាំងនូវព័ត៌មានក្លែងបន្លំបំផ្លើសការពិតពីកម្ពុជា តាមរយៈការផ្សាយព័ត៌មានពិតពីកម្ពុជា ដើម្បីបន្សាបព័ត៌មានក្លែងបន្លំបង្ខូចកិត្តិយសកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ។
ឯកឧត្តម ទេសរដ្ឋមន្ត្រីក៏បានផ្តាំដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងអាវុធហត្ថលេខ៨៦១ ដែលត្រូវប្រកាន់យក៖ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអនុសាសន៍ ដែលជាបទបញ្ជា ៤ចំណុចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើង ក្នុងពិធីសំណេះសំណាលជូនដំណើរកងអនុសេនាធំលេខ១៣៥ ចេញទៅបំពេញបេសក កម្មនៅប្រទេសស៊ូដង់ កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ២០០៦ កន្លងទៅ។ ត្រូវឈរជាមជ្ឈមណ្ឌលសាមគ្គីឯកភាព គោរពវិន័យ ច្បាប់ បទបញ្ជា និងរក្សាភាពថ្លៃថ្នូរកិត្តិយសរបស់កងយោធពលខេមរភូមិន្ទ និងប្រទេសជាតិ។ សិក្សាដកពិសោធន៍រៀនសូត្រ ភាសាបរទេសបន្ថែម និងអភិវឌ្ឍសមត្ថភាពដើម្បីឆ្លើយតបបេសកកម្មរបស់ខ្លួន សំដៅសម្រេចភារកិច្ច។សិក្សាឱ្យបានច្បាស់លាស់ពស្ថានភាព ភូមិសាស្ត្រ នយោបាយ និងការប្រ ឈមនៃបេសកកម្ម ដោយយកចិត្តទុកដាក់រៀបចំកម្លាំង និងប្រុងប្រយ័ត្នជានិច្ចចំពោះគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងដោយការប៉ះទង្គិចរវាងក្រុមប្រដាប់អាវុធ ការវាយពួនស្ទាក់ គ្រោះធម្មជាតិ និងជំងឺឆ្លងផ្សេងៗ។ គោរពទំនៀមទំលាប់ទំនាក់ទំនងល្អ ជាមួយប្រទេសនិងប្រជាជននៅទីតាំង ដែលកងកម្លាំងយើងបំពេញបេសកកម្ម និងជួយឧបត្ថម្ភ ចែករំ លែកស្បៀងអាហារ សង្គ្រោះ ពិនិត្យព្យាបាលជំងឺ និងការពារប្រជាជននៅទីនោះ។ នេះគឺជាកាយវិការប្រកបដោយមនុស្សធម៌ គុណធម៌ ស័ក្ដិសមជាកងយោធពលខេមរភូមិន្ទ ដែលកើតចេញពីប្រជាជនធ្វើអ្វីៗដើម្បីប្រជាជន៕
ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អញ្ជើញជាអធិបតីក្នុងពិធីជូនដំណើរកងអាវុធហត្ថលេខ ៨៦១ ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋ ស៊ូដង់ខាងត្បូង
