ឯកឧត្តម ផៃ ស៊ីផាន ប្រាប់ទៅកាន់មន្រ្តីស្ថានទូតអាមេរិក ត្រូវបញ្ចប់ការប្រើប្រាស់ លក្ខណៈវាយប្រហារដ៏ព្រៃផ្សៃ មកលើរាជរដ្ឋាភិបាល


ភ្នំពេញ៖ ក្រោយពីស្ថានទូតអាមេរិក ប្រចាំកម្ពុជា តែងតែវាយប្រហារមកលើ រាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់ នោះឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រាប់ទៅកាន់មន្រ្តីស្ថានទូតអាមេរិក ត្រូវបញ្ចប់ការប្រើប្រាស់ លក្ខណៈវាយប្រហារដ៏ព្រៃផ្សៃ មកលើរាជរដ្ឋាភិបាល ហើយបើមិនពេញចិត្តកម្ពុជា សូមវេចបង្វេចចេញពីកម្ពុជាទៅ ។

ឯកឧត្តម ផៃ ស៊ីផាន លើកបែបនេះបន្ទាប់ពី ស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី៣០ កក្កដា បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុកថា រដ្ឋាភិបាលអាមេរិកកត់សម្គាល់ខួប១ឆ្នាំ នៃការបោះឆ្នោតនៅកម្ពុជា មានកំហុសឆ្គងយ៉ាងខ្លាំង។ អាមេរិកថា ការបោះឆ្នោតនេះ មិនមានភាពសេរី និងយុត្តិធម៌ ក៏មិនតំណាងឲ្យឆន្ទៈ របស់ពលរដ្ឋឡើយ។

ក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផល ១ឆ្នាំ បន្ទាប់ពីការបោះឆ្នោត នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ លោក ផៃ ស៊ីផាន បានបញ្ជាក់ថាក្នុងន័យនេះ រាជរដ្ឋាភិបាលគ្មានបំណង ដេញមន្ដ្រីទូតអាមេរិកចេញពីកម្ពុជាឡើយ។ លោកប្រាប់ឲ្យមន្រ្តីស្ថានទូតអាមេរិក ចាត់ទុកកម្ពុជាជាប្អូនស្រីមួយរូប ដែលទើបតែពេញក្រមុំ កុំឆារឆៅកម្ពុជា។

ឯកឧត្តម ផៃ ស៊ីផាន មានប្រសាសន៍បញ្ជាក់ថា “ហើយមន្ដ្រីនៅក្នុងស្ថានទូត (អាមេរិក) ដែលប្រើប្រាស់លក្ខណៈព្រៃផ្សៃ គួរតែបញ្ចប់ នេះជាសំណូមពររបស់យើង។ ត្បិតយើងជាមិត្តជាមួយគ្នា ហើយបើមន្ដ្រីនោះ មិនពេញចិត្តស្រុកខ្មែរ វេចឥវ៉ាន់ ចេញទៅវិញទៅ យើងអត់ស្វាគមន៍ទេអាហ្នឹង”។

អ្នកនាំពាក្យ បញ្ជាក់ថា គ្មានប្រទេសណាមួយជា ចៅហ្វាយកម្ពុជាទេទោះបីជាប្រទេសចិន-អាមេរិកក្ដី។ លោកថា ចៅហ្វាយរបស់កម្ពុជា គឺជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ៕