ឯកឧត្ដម សៅ សុភាព បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន


នារសៀលថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគាររ៉ូសវូដ រាជធានីភ្នំពេញ ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់ ស្តីពី«កិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន»រវាងក្រសួងបរិស្ថាន ធនាគារជាតិ នៃកម្ពុជា និងសមាគមធនាគារនៅប្រទេសកម្ពុជា និងរវាង USAID Green Invest Asia និងសមាគមធនាគារនៅប្រទេសកម្ពុជាស្តីពីកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុប្រកបដោយចីរភាព។

ក្នុងពិធីចុះហត្ថលេខានេះមានការអញ្ជើញូចូលរួមពីឯកឧត្តម អស់លោក ជាថ្នាក់ដឹកនាំក្រសួងបរិស្ថាន លោកជំទាវ ជា សិរីជំនួយការទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា ឯកឧត្តម រត័្ន សុវណ្ណរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគានៅកម្ពុជា បណ្ឌិត Lee Sang មន្ត្រីទទួលបន្ទុកសន្តិសុខស្បៀង និងបរិស្ថាន នៃ USAID និងឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តយសជាតិនិងអន្តរជាតិជាច្រើននាក់។

ពិធីចុះហត្ថលេខានេះ មានគោលបំណងពង្រឹង និងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ ហិរញ្ញវត្ថុប្រកបដោយចីរភាពក្នុងវិស័យធនាគារ សំដៅជួយគាំទ្រដល់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិរក្សដោយចីរភាព ក៏ដូចជាការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដែលជាសក្ខីកម្មមួយបង្ហាញអំពីកិច្ចសហប្រតិបត្តិការជាផ្លូវការ ដែលបានបន្តរវាង រាជរដ្ឋាភិបាលកម្ពុជា ជាមួយវិស័យឯកជន ធនាគារ ដើម្បី​ចូលរួមអនុវត្តនូវយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដើម្បីប្រទេសកម្ពុជា និងការការពារភពផែនដី និងដើម្បីជាប្រយោជន៍របស់ធនាគារជាសមាជិកក្នុងការទាក់ទាញមូលនិធិអន្តរជាតិនានាជាមួយនឹងអត្រាការប្រាក់ទាបផងដែរ។