ឯកឧត្តម អ៊ាង សុផល្លែត បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ ស្តីពីក្រុមការងារគ្រប់គ្រងសំណល់ប្លាស្ទិក


នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១កើត ខែសាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារគ្រប់គ្រងសំណល់ប្លាស្ទិក បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ ស្តីពី «ក្រុមការងារគ្រប់គ្រងសំណល់ប្លាស្ទិក» ដោយមានការចូលរួមពីឯកឧត្តម ទិន ពន្លក អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិដោយចីរភាព នាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. នាយកដ្ឋានគ្រប់គ្រងសំណល់រឹង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នាយកដ្ឋានអប់រំបរិស្ថាន និងនាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) តំណាងពីវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល(GGGI) និងកញ្ញា ឡូរ៉ា ម៉ម និងតំណាងពីផលិតកម្ម Baramey Production សរុបចំនួន ២៥នាក់។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ ពិភាក្សា លើវឌ្ឍនភាព នៃដំណើរការគម្រោង និង បទបង្ហាញពីលទ្ធផលសិក្សាស្រាវជ្រាវអនុក្រឹតថ្មី ស្តីពីបំពង់បឺត និងប្រអប់ស្នោ របស់អ្នកជំនាញគោលនយោបាយ UNDP និងអនុសាសន៍ លើការការអនុវត្ត អនុក្រឹតលេខ១៦៨ស្តីពី ការគ្រប់គ្រងថង់ប្លាស្ទិក។អង្គប្រជុំក៏បានពិភាក្សា កែសម្រួល និងសម្រេច លើរបៀបវារ:សំខាន់ផ្សេងៗទៀតដូចជា៖
-បញ្ចូលសមាសភាពបន្ថែម ជាជនបង្គោលនៃក្រុមការងារគ្រប់គ្រងសំណល់ប្លាស្ទិកនៃសេចក្តីសម្រេចលេខ ០០៤ សសរ ក.ជ.អ.ច. ដើម្បីបង្កើនប្រសិទ្ធភាពផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពីផលប៉ះពាល់ប្លាស្ទិកដល់សាធារណៈជន
-បន្ថែមខ្លឹមសារផ្សព្វផ្សាយចំណេះដឹង និងវិធីសាស្រ្តការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក តាមទីសាធារណៈនានា តាមគ្រប់រូបភាព លើបណ្តាញសង្គម ,booklet ,brochures …ជាដើម
-ពិភាក្សាអំពីឯកសារបោះពុម្ភ ខ្លឹមសារគេហទំព័រ និង ប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook សម្រាប់ក្រសួងបរិស្ថានផ្សព្វផ្សាយ
-ពិភាក្សាលើការរៀបចំវេទិការថ្នាក់ជាតិក្នុងខែកញ្ញា ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ស្ថាប័នរដ្ឋ និងឯកជន និងក្នុងការចូលរួមកាត់បន្ថយប្លាស្ទិកក្នុងប្រទេសកម្ពុជា រូមមានផែនការសកម្មភាពនៃស្នើរៀបចំប្រគំតន្ត្រីយក្យប្លាស្ទិក របស់ ឡូរ៉ា ម៉ម នៅកំឡុងពេលបុណ្យអ៊ុំទូក ជាដើម
-សំណើររបស់អង្គការ UNDP លើការបង្កើតប្រយោគខ្លីៗដើម្បីបញ្ចូលទៅក្នុងសន្ទកថានៃកិច្ចប្រជុំកំពូលរដ្ឋមន្រ្តី បរិស្ថានអាស៊ាននាខែតុលា ខាងមុខនេះ
សូមបញ្ជាក់ថា គម្រោងសាកល្បងសម្រាប់គ្រប់គ្រងសំណល់ប្លាស្ទិកដែលមានរយៈពេល៦ខែនេះបានបង្កើតឡើងក្នុងគោលបំណងដើម្បីធានាប្រសសិទ្ធភាពនៃការគ្រប់គ្រង និងកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជាតាមរយៈការរៀបចំព្រាងផែនការយុទ្ធសាស្រ្ត បទបញ្ញត្តិ និងការត្រួតពិនិត្យ តាមដានវាយតម្លៃការងនុវត្តសកម្មភាព នៃយុទ្ធនាការផ្សព្វផ្សាយការគ្រប់គ្រងសំណល់ប្លាស្ទិក ដើម្បីលើកសំណើគោលនយោបាយស្តីពីការគ្រប់គ្រងទុយោ និងប្រអប់ស្នោ។