ក្រសួងការងារ នឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនកម្មករនិយោជិត ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ខេត្តស្វាយរៀង


ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្តែងនូវការសោកស្តាយ និងអាណិតស្រលាញ់ជាទីបំផុតជាមួយក្រុមគ្រួសារ និងញាតិមិត្តទាំងអស់របស់ជនរងគ្រោះ ហើយសូមជូនពរដល់អ្នករងរបួសទាំងអស់ឆាប់បានជាសះស្បើយ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ទាប់ពីបានទទួលដំណឹងថា មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដឹកសត្វមាន់បើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ ជ្រុលទៅបុករថយន្តដឹកកម្មករ និយោជិត ពេញទំហឹងក្នុងទិសដៅផ្ទុយគ្នា បណ្តាលឱ្យរថយន្តដឹកកម្មករ និយោជិត ក្រឡាប់ កាលពីវេលាម៉ោង ០៦ និង ៣៥នាទីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នៅចំណុចភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលបណ្តាលឱ្យកម្មករនិយោជិតរងរបួសសរុបចំនួន ៤៣នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ១៥នាក់ និងរបួសស្រាលចំនួន ២៨នាក់ ។
ជនរងគ្រោះទាំងអស់ បានទទួលការជួយសង្គ្រោះពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយយកចិត្តទុកដាក់បំផុត។

គិតត្រឹមម៉ោង១១ និង ៣០ នាទីព្រឹកថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០១៩ នេះ កម្មករនិយោជិតចំនួន ៣៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងនិងចំនួន ០៤នាក់ បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

ពាក់ពន្ធ័នឹងគ្រោះថ្នាក់នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនកម្មករនិយោជិត និងក្រុមគ្រួសារទៅតាមគោលការណ៍របស់បេឡាជាតិរបបសន្តិសុខសង្គម ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា នៅខេត្តស្វាយរៀង ក៏មានគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យកម្មករ-និយោជិត ចំនួន២នាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាល៣២នាក់ផងដែរ៕