រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ មានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទីលានបាល់ទាត់ និងអគារផ្លាស់សំលៀកបំពាក់កីឡាករ-កីឡាការិនី ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង មន្ត្រីអប់រំក្រសួង រួមទាំងសកលវិទ្យាធិការ សកលវិទ្យាធិការរង ព្រឹទ្ធបុរស សាស្ត្រាចារ្យ បុគ្គលិកសិក្សា កីឡាករ កីឡាការិនី និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញយ៉ាងច្រើនកុះករផងដែរ។
ឯកឧត្ដមរដ្ឋមន្ត្រីបានមានប្រសាសន៍ផ្ដាំផ្ញើដល់និស្សិត និងយុវជនទាំងអស់ឱ្យចូលរួមលេងកីឡាទាំងអស់គ្នា ព្រោះការលេងកីឡាធ្វើឱ្យយើងមានការចងចាំល្អ ភាពអត់ធ្មត់ សាមគ្គីភាព មិត្តភាព ចេះគោរពគ្នាទៅវិញទៅមក មានភាពក្លាហាន និងចេះធ្វើការងារជាក្រុម។
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទីលានបាល់ទាត់ និងអគារផ្លាស់សំលៀកបំពាក់កីឡាករ-កីឡាការិនី
