ឯកឧត្តម អ៉ី ឈាន នាំយកស្បៀងអាហារ មុងសុវត្ថិភាព និងសម្លៀកបំពាក់ ផ្តល់ជូនប្រជាពលរដ្ឋចំនួន ៣៥០គ្រួសារនៅភូមិភ្នំដំបង ខេត្តប៉ៃលិន


នៅព្រឹក ថ្ងៃសៅរ៍ ៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន អមដំ ណើរដោយ លោកជំទាវ បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន ឯកឧត្តម អភិបាលខេត្ត បានដឹកនាំក្រុមការងារអញ្ជើញជួបសួរសុខទុក្ខប្រជាពលរដ្ឋរស់នៅជនបទចំនួន ៣៥០គ្រួសារ ក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ថ្លែងក្នុងឱកាសនោះឯកឧត្តម អ៉ី ឈាន បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយសម្តេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស តាមរយៈក្រុមការងារថ្នាក់ជាតិចុះពង្រឹងមូលដ្ឋាន អ្នកតំណាងរាស្រ្តគ្រប់មណ្ឌល និងក្រុមការងារចុះពង្រឹងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ។

ឯកឧត្តមបន្តថា នាថ្ងៃនេះក្រុមការងារបាននាំយកស្បៀងអាហាររួមមានប្រហុក សម្លៀកបំពាក់ មុងសុវត្ថិភាព និងវ៉ែនតា មកផ្តល់ជូនពុកម៉ែបងប្អូន គឺដើម្បីទុកសម្រាប់បរិភោគនៅរដូវវស្សា និងការពារកុំឲ្យមុសខាំ ដោយនៅពេលមានភ្លៀងធ្លាក់បងប្អូនមិនអាចធ្វើដំណើរឆ្ងាយបាន ហើយឯកឧត្តមក៏បានអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅគ្រប់ក្រុមគ្រួសារត្រូវរស់នៅស្អាត ថែរក្សាសុខភាព ដោយបរិភោគទឹកស្អាតដាំពុះ ដើម្បីការពារពីជម្ងឺដង្កាត់ផ្សេងៗ ម្យ៉ាងទៀតក៏ត្រូវប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារពីគ្រោះធម្មជាតិ ពិសេសខ្យល់កន្ត្រាក់ និងរន្ទះ ហើយនៅពេលពុកម៉ែបងប្អូនមានជួបបញ្ហាប្រឈម ឬសំណូមពរអ្វីក្នុងមូលដ្ឋាន សូមរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បីក្រុមការងារបានជួយ និងដោះស្រាយជូន។

ក្រៅពីផ្តល់ជាគ្រឿងឧបភោគ សម្លៀកបំពាក់ មុងសុវត្ថិភាព និងវ៉ែនតា ឯកឧត្តមក៏បានផ្តល់ឯកសណ្ឋានជូនប្រជាការពារភូមិ និងរៀបចំជាងកាត់សក់ជូនប្រជាពលរដ្ឋដោយឥតថ្លៃផងដែរ ដើម្បីការរស់នៅស្អាត និងបរិស្ថានល្អជុំវិញខ្លួន។