ឯកឧត្តម ប៉ាន សូរស័ក្ដិ អញ្ជើញចូលរួមក្នុងពិធី អង្គសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧


(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះឲ្យដឹងថា ទំហំពាណិជ្ជកម្មកម្ពុជា សម្រាប់ឆ្នាំ២០១៦នេះ កើនដល់១០.៦ពាន់លានដុល្លារ។
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងយ៉ាងដូច្នោះ នៅក្នុងពិធី «អង្គសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧» ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ឯកឧត្តម ប៉ាន សូរស័ក្ដិ បន្តថា ដើម្បីជំរុញកំណើនទំហំពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្មបាននិងកំពុង ធ្វើកិច្ចសហប្រតិបត្តិការដៃគូជាមួយ បណ្ដាប្រទេសជាមិត្ត ទាំងក្នុងក្របខណ្ឌអាស៊ាន អនុតំបន់ និងទ្វេភាគី។ លើលពីនេះ ក្រសួងបានបង្កើតនាយកដ្ឋានថ្មីៗដូចជា នាយកដ្ឋានអាមេរិក នាយកដ្ឋានអ៊ឺរ៉ុប-មជ្ឍឹមបូព៌ា-អាហ្រ្វិក ដែលបានកំពុងធ្វើការយ៉ាងសកម្ម ក្នុងការជំរុញប្រតិបត្តិការពាណិជ្ជកម្ម និងពង្រីកទីផ្សារថ្មីៗ ជាមួយបណ្ដាប្រទេសនៅទ្វីបទាំងនោះផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រីបានបន្តថា ដើម្បីធានា​ដល់ការអភិវឌ្ឍវិស័យឯកជន នៅកម្ពុជាក្រសួងពាណិជ្ជកម្ម បានដាក់ឲ្យអនុវត្តន៍ នូវប្រព័ន្ធស្វ័យប្រវត្តិកម្ម សំខាន់ៗដូចជា ដើម្បីលើកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងបរិយាកាសធុរកិច្ច បង្កភាពងាយស្រួលដល់ធុរជន និងវិនិយោគ ក្នុងការធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេស​ ។
បន្ថែមលើនេះ ក្រសួងបានកំពុងសិក្សាស្រាវជា្រវ និងអភិវឌ្ឍន៍ចង្វាក់តម្លៃសម្រាប់ ផលិតផលក្នុងស្រុកមួយចំនួន ដែលមានសក្ដានុពល នាំចេញ ដូចជា សូត្រ អំពៅ ស្វាយ ចេក ស្ដរស ស្ដរត្នោត ថ្មចំលាក់ និងផ្ដាចំប៉ី -ល-។ ដោយឡែក ចំពោះផលិតផលស្រូវ សូត្រ ក្រសួងបានបញ្ចប់ឯកសារស្រាវជ្រាវស្ដីពីការជំរុញ និងអភិវឌ្ឍវិស័យសូត្រកម្ពុជាជាស្ថាពរ។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០១៦ ក្រសួងពាណិជ្ជកម្ម បានខិតខំកៀរគរចំណូល បង់ចូលថវិការរដ្ឋប្រមាណ ២០៤,៧២០.៤លានរៀលផងដែរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានថ្លែងឲ្យដឹងថា ការរៀបចំសន្និបាទប្រចាំឆ្នាំ របស់ក្រសួង ពាណិជ្ជកម្មថ្ងៃនេះ ជាឱកាសដ៏ល្អមួយសំខាន់ណាស់ ដើម្បីដកបទពិសោធន៍ល្អៗ ព្រមទាំងការប្រឈម ដើម្បីឈានទៅសម្រេចជោគជ័យ លើការអភិវឌ្ឍន៍ វិស័យពាណិជ្ជកម្មនាឆ្នាំ២០១៧ តាមគោលដៅដែលបានកំណត់ ក្នុងកម្មវិធីនយោបាយរបស់រដ្ឋាភិបាល»។
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បានបន្ថែមទៀតថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំពិតជាមោទនភាព ដោយបានឃើញ ទំហំពាណិជ្ជកម្មកម្ពុជា ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០១៦នេះ កើនដល់១០.៦ពាន់លានដុល្លា។ ការកើនឡើងនៃទំហំពាណិជ្ជកម្មនេះ ពិតជាមានការខិតខំ យ៉ាងធំធេង របស់ក្រសួងពាណិជ្ជកម្ម»។
សូមជម្រាបថា អង្គសន្និបាតបូកសរុបការងារ ពាណិជ្ជកម្មឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ នឹងរៀបចំឡើងរយៈពេល២ថ្ងៃ ដោយចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ដែលធ្វើឡើងនៅ ទីស្ដីការក្រសួងពាណិជ្ជកម្ម៕