ភ្នំពេញ– ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានក្រើនរំលឹកដល់មន្រ្តីរាជការទាំងអស់ ឲ្យស្គាល់ពីតួនាទីការងាររដ្ឋ និងការងារបក្សឲ្យបានច្បាស់ ដើម្បីពង្រឹងប្រសិទ្ធភាពការងារខ្លាំងក្លាជាងមុន។ ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានបន្ថែមថា ការងាររដ្ឋ និងការងារបក្សគឺបានដើរទន្ទឹមគ្នាជានិច្ច ប៉ុន្តែនៅត្រង់ថា មន្រ្តីទាំងអស់មិនទាន់បានបែងចែកការងាររដ្ឋនិងបក្ស បានច្បាស់លាស់នោះទេ ប៉ុន្តែការងាររដ្ឋ និងការងារបក្សសុទ្ធតែបានចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាល។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា យ៉ាងណាក៏ដោយ មន្រ្តីរាជការទាំងអស់មានការងារចំបងៗមួយចំនួនទាំងការងាររដ្ឋ និងការងារបក្ស ដូចជាការងារចុះតាមមូលដ្ឋានត្រួតពិនិត្យពីការរស់នៅរបស់ប្រជាពលរដ្ឋ, បង្កើតជាវេទិកាសាធារណៈប្រមូលមតិយោបល់របស់ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលខ្លួនគ្រប់គ្រង មានការចាប់តាំងមន្រ្តីចុះជួយការងារពង្រឹងភូមិឃុំ មានសុវត្ថិភាពការងារ ផ្ទេរ អំណាចវិមជ្ឈិមកាល វិសហមជ្ឈិមកាល និងការផ្ទេរអំណាចថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាដើម។
ឯកឧត្តម វង សូត បានលើកឡើងបែបនេះ ខណៈចូលរួមជាអធិបតីភាព នៅក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេចចិត្តសន្និបាត គណៈកម្មាធិការកណ្តាលលើកទី៤០ អាណត្តិទី៥ និងប្រកាសទទួលស្គាល់ ក្រុមសកម្មជនយុវជននៃក្រុមការងារយុវជន គណៈកម្មាធិការគណបក្សក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ នៅទីស្តីការក្រសួង។ នៅក្នុងពិធីផ្សព្វផ្សាយនេះ ក៏មានការចូលរួមពីមន្រ្តីរាជការក្រសួង និងមន្រ្តី ពាក់ព័ន្ធប្រមាណជាជាង៤០០នាក់ចូលរួមផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកោតសរសើរដល់ក្រុមយុវជន ដែលបានចូលរួមចំណែកជាមួយនឹងក្រសួង ក្នុងការជួយដល់ ការងាររដ្ឋ និងការងារបក្សផងដែរ។ ឯកឧត្តមបន្តទៀតថា បច្ចុប្បន្ននេះ យុវជន មានភាពស្វាហាប់ជាងមុន និងមានទឹកចិត្តមោះមុត ចូលរួមធ្វើការងារ សង្គមជាច្រើនដោយការស្ម័គ្រចិត្ត។
ថ្លែងបន្ថែមនៅក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានអំពាវនាវឲ្យមន្រ្តីរាជការទាំងអស់រក្សារបៀបនៃការប្រជុំនៅតាមនាយកដ្ឋាន របស់ខ្លួនឲ្យបានត្រឹមត្រូវ និងទៀតទាត់ ដើម្បីចូលរួមពិភាក្សា បញ្ចេញយោបល់ឲ្យគ្នា ទៅវិញទៅមកជាការចូលរួមរិះគន់ ដើម្បីស្ថាបនា ជៀសវាងការលាបពណ៌គ្នា ហើយខិតខំរក្សាសាមគ្គីភាព ដើម្បីស្វែងរកសុខសន្តិភាពទាំងអស់គ្នា។
ឯកឧត្តម វង សូត បានក្រើនរំលឹកដល់មន្រ្តីរាជការទាំងអស់ ឲ្យស្គាល់ពីតួនាទីការងាររដ្ឋ និងការងារបក្សឲ្យបានច្បាស់ ដើម្បីពង្រឹងប្រសិទ្ធភាពការងារខ្លាំងក្លា
