ភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដាំ ផ្ញើដល់កូនចៅជំនាន់ក្រោយ សូមមេត្តាកុំឱ្យជនបរទេសមកបោកប្រាស់យកកោះរបស់យើង ដើម្បីផលិតនូវអគ្គិសនីដែលដុតដោយសម្រាមឱ្យសោះ ព្រោះវាអាចនាំទៅដល់ការបំផ្លាញតំបន់ឆ្នេរសមុទ្រ។
សម្ដេចតេជោ បានថ្លែងដូច្នេះ ក្នុងខណៈដែលសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦។ សម្ដេចបន្តថា សូមផ្ដាំទៅអ្នកជំនាន់ក្រោយ បន្តវេនពីហ៊ុន សែនទៅ សូមប្រយ័ត្នប្រយែងនូវចំណុចនេះ សូមកុំទន់ជ្រាយ ឱ្យសោះ កុំប្រើកោះណាមួយនៅក្នុងតំបន់សមុទ្ររបស់កម្ពុជា ឬក្នុងដែនគោករបស់កម្ពុជាធ្វើជាធុងសម្រាម នៃការដុតចោលសម្រាម ដែលប្រទេសយ៉ាងច្រើនកំពុងតែកកស្ទះសម្រាមនោះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងទៀតថា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សិហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា ជាទីគោរពសក្ការៈរបស់ យើងនិងសម្ដេចព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គនឹងយាងព្រះរាជដំណើរតាមរថភ្លើង មកឆ្លងឆ្នាំ២០១៦ ចូលឆ្នាំ២០១៧នៅខេត្តព្រះសីហនុ ដែលនេះជាកិត្តិយសមួយថ្មីទៀតសម្រាប់ប្រជាជនទីក្រុងព្រះសីហនុ ដែលបានទទួលស្វាគមន៍ព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេរបស់យើង។ ដូច្នេះយើងត្រូវបន្តការខិតខំដើម្បី បន្តការកសាងផ្លូវ ទាំងផ្លូវគោក ផ្លូវដែក និងផ្លូវអាកាសបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាព ហើយនៅតែជាចំណុចទាក់ទាញសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ។ ជាងនេះទៀតត្រូវបន្តការខិតខំកសាងហេដ្ឋា រចនាសម្ព័ន្ធលើវិស័យទេសចរណ៍ ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន និងរមណីយដ្ឋានដទៃទៀតដែលជាផ្នែក ទាក់ទាញនៅក្នុងតំបន់ទេសចរណ៍ ហើយជាទេសចរណ៍ធម្មជាតិរបស់យើងទៀតផង។ ត្រូវរក្សាឱ្យបាន គង់វង្សនៅតំបន់ឆ្នេរ ទាំងឆ្នេរខ្សាច់ ពិសេសព្រៃកោងកាង និងបណ្ដាកោះ បង្កើតរមណីយដ្ឋាន ទេសចរណ៍ កន្លែងកម្សាន្ត។ល។ ចៀសវាងនូវការបំផ្លិចបំផ្លាញណាមួយ។ ត្រូវរក្សាបរិស្ថាន ឱ្យបាននូវបរិស្ថានទាំងទឹក ទាំងខ្យល់ ទាំងធម្មជាតិ សំណល់រឹង ឬរាវ មិនត្រូវបញ្ចូលទៅក្នុងសមុទ្រ ហើយក៏មិនគប្បីផ្ដល់ការអនុញ្ញាតឱ្យមានការសាងសង់ ឧស្សាហកម្មណាដែលប៉ះពាល់ដល់បរិស្ថាន និងប៉ះពាល់ ដល់តំបន់ទេសចរណ៍មាត់សមុទ្រនិង ឆ្នេរសមុទ្រនោះឡើយ។ ជាងនេះទៀតគ្រប់ស្ថាប័ន ពាក់ព័ន្ធត្រូវយកចិត្តទុកដាក់អំពីសុវត្ថិភាព ភ្ញៀវទេសចរ នៅតំបន់ឆ្នេរសមុទ្រ និងកោះផង ដែរ៕
សម្ដេចតេជោផ្ដាំផ្ញើកូនចៅជំនាន់ក្រោយកុំឱ្យជនបរទេសយកកោះផលិត អគ្គិសនីដែលដុតដោយសម្រាម
