សម្ដេចតេជោ ហ៊ុន សែន៖ សម្ដេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញបំពេញទស្សនកិច្ចនៅតួកគី នាពេលឆាប់ៗខាងមុខ


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសតួកគី នាពេលឆាប់ៗខាងមុខនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ដំណើរទស្សនកិច្ចរបស់សម្ដេច ទៀ បាញ់ ធ្វើឡើងបន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ចប់ទស្សនកិច្ចរួចរាល់ ប្រកបដោយផ្លែផ្កា នៅប្រទេសមួយនេះកាលពីពេលថ្មីៗកន្លងទៅ។

ការមានប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលជាង១ពាន់នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំ ទៅកាន់ប្រទេសតួកគី កាលពីឆ្នាំទៅ តម្រូវឲ្យមានការទស្សនកិច្ចតាមក្រោយ ដោយរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ គឺសម្ដេចក្រឡាហោម បានទៅទស្សនកិច្ចរួចហើយកាលពីប៉ុន្មានថ្ងៃមុន ហើយទស្សនកិច្ចមួយទៀត គឺត្រូវធ្វើឡើងដោយរដ្ឋមន្ដ្រីការពារជាតិ ដែលសម្ដេចពិជ័យសេនា ទៀ បាញ់ គឺត្រូវធ្វើទស្សនកិច្ចជាថ្មីម្ដងទៀត ទៅកាន់តួកគី»

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសបញ្ជាក់ថា ក្នុងជំនួបចុងក្រោយរវាងសម្ដេច ជាមួយនឹងប្រធានាធិបតីតួកគី លោក តាយយីព អឺដូហ្គាន់ នៅប្រទេសតាជីគីស្ថាន, សម្ដេច និងប្រធានធិបតីតួកគី ក៏បានរំលឹកអំពីចំណុចសំខាន់ៗមួយចំនួន ដែលត្រូវធ្វើការបន្ដរួមគ្នារវាងកម្ពុជា ជាមួយតួកគី សម្ដៅបង្កើនកិច្ចសហប្រតិបត្តិការ និងពង្រឹងមិត្តភាពរវាងគ្នា។

ក្នុងជំនួបកាលពី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីតួកគី បានបង្ហាញបំណងដូចគ្នាចង់ឃើញទំហំពាណិជ្ជកម្មរវាងកម្ពុជា និងតួកគីកើនឡើងដល់ ១ពាន់លានដុល្លារអាមេរិក ខណៈពេលបច្ចុប្បន្នមានត្រឹមប្រមាណ ៩១លានដុល្លារប៉ុណ្ណោះ។

ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យសម្រេចបានតាមការចង់ប៉ុនប៉ងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកជាគំនិតឲ្យរៀបចំបញ្ជីទំនិញ ដែលអាចនាំចេញ នាំចូលរវាងប្រទេសទាំងពីរ ពោលតើទំនិញអ្វីដែលកម្ពុជាអាចនាំទៅតួកគីបាន ហើយតួកគីអាចនាំទំនិញអ្វីមកកម្ពុជាបាន? ខណៈលោកប្រធានាធិបតីតួកគី បានលើកជាគំនិតឲ្យជំរុញអ្នកវិនិយោគ និងពាណិជ្ជករតួកគី និងកម្ពុជា រកស៊ីជាមួយគ្នាឲ្យកាន់តែច្រើន។

ដោយឡែក សម្រាប់ដំណើរទស្សនកិច្ចរបស់សម្ដេចក្រឡាហោម ស ខេង នាពេលថ្មីៗនេះ សម្ដេច ស ខេង និងលោក Suleyman Soylu រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋតួកគី ក៏បានចុះកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសកម្ពុជា និងតួកគី។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខរវាងកម្ពុជា និងសាធារណរដ្ឋតួកគី ដែលភាគីទាំងពីរបានចុះហត្ថលេខានេះ ជាលទ្ធផលកើតចេញពីការឯកភាពគ្នាវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក រេជីប ថាយីប អ៊ែរដ៏វ៉ាន់ ប្រធានាធិបតី នៃសាធារណរដ្ឋតួកគី ក្នុងឱកាសសម្ដេចអញ្ជើញបំពេញទស្សនកិច្ច នៅសាធារណរដ្ឋតួកគី កាលពីចុងខែតុលា ឆ្នាំ២០១៨កន្លងទៅ៕