សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសវនាការជាមួយអង្គការ UNAIDS


សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកា ភាពជាអ្នកដឹកនាំ តំបន់អាស៊ី ប៉ាស៊ីហ្វិក ចំពោះការឆ្លើយតប មេរោគអេដស៍ ជំងឺអេដស៍ នៅកម្ពុជា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ បានទទួលជួបសវនាការជាមួយអង្គការ យូអិនអេដស៍ ប្រចាំនៅកម្ពុជា (UNAIDS) ដែលប្រព្រឹត្ដទៅនៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ។

ក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងថា ក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកា ភាពជាអ្នកដឹកនាំ តំបន់អាស៊ី ប៉ាស៊ីហ្វិក ចំពោះការឆ្លើយតប មេរោគអេដស៍ ជំងឺអេដស៍នៅកម្ពុជា សម្ដេច ក៏បានបង្កើតឱ្យមានឥរស្សជនថ្នាក់ជាតិ ក៏ដូចជាថ្នាក់ក្រោមជាតិ ដែលមានការអញ្ជើញចូលរួមពីមន្ដ្រីរាជការ ក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងវិស័យឯកជនផងដែរ ដោយក្នុងនោះ ជារៀងរាល់ឆ្នាំ សម្ដេ ចតែងតែបញ្ជៀបនូវខ្លឹមសារអប់រំ នឹងធ្វើការអំពាវនាវពីការការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ គ្រប់ពេលដែលសម្ដេច និងសហការី ចុះទៅសំណេះសំណាលសួរសុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ពលរដ្ឋ ងាយរងគ្រោះ និងងាយរងគ្រោះបំផុត ដោយក្នុងនោះ ក៏មានអ្នកដែលផ្ទុកនូវមេរោគអេដស៍ផងដែរ។

ជាពិសេស សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត តែងតែណែនាំ នូវគ្រោះថ្នាក់ដល់ជីវិត និងបញ្ហាប្រឈម ដល់ប្រជាពលរដ្ឋ ពីជំងឺអេដស៍នេះ មិនត្រឹមតែសម្លាប់ជីវិតនោះទេ គឺបានធ្វើឱ្យសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ ពេលឪពុកម្តាយ ស្លាប់ដោយជំងឺអេដស៍ទៅ កូននឹងកំព្រា រងារគ្មានទីពឹង។ ចំណែកឯអ្នករស់នៅជាមួយមេរោគអេដស៍វិញ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត តែតែងតែលើកទឹកចិត្ដ ដល់អ្នកដែលផ្ទុកនូវមេរោគអេដស៍ ដោយមានជួយជាថវិកា ស្បៀងអាហារ ដើម្បីសម្រាលនូវទុក្ខលំបាករបស់ពួកគាត់ និងបានក្រើនរម្លឹក ដល់អ្នកដែលរស់នៅជាមួយមេរោគអេដស៍ទាំងអស់ ត្រូវទៅពិនិត្យសុខភាព និងលេបថ្នាំពន្យាជីវិត ឱ្យបានទៀតទាត់ ទៅតាមការកំណត់របស់គ្រូពេទ្យ។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ថ្លែងបន្ដថា លើសពីនោះ ឥរស្សជនថ្នាក់ជាតិ ក៏ដូចជាថ្នាក់ក្រោមជាតិរបស់យើង បានរួមសហការគ្នាធ្វើការងារបានជាទីមោទន ដោយនៅឆ្នាំ២០១៧ កម្ពុជាយើង បានសម្រេចទិសដៅ ៩០-៩០-៩០ ដែលជាការប្ដេជ្ញាចិត្ដ ជាសកលក្នុងការធ្វើតេស្ដរកមេរោគអេដស៍ និងផ្ដល់ការព្យាបាល បីឆ្នាំមុនកាលកំណត់ ក្នុងការកាត់បន្ថយ និងលុបបំបាត់ការឆ្លងរីករាលដាលមេរោគអេដស៍ ៩០-៩០-៩០ នៅឆ្នាំ២០២០ និងទិសដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ ផងដែរ។

ចំពោះទិសដៅ ៩០-៩០-៩០ នេះគឺ ដំណាក់កាលទី១៖ ត្រូវកំណត់ចំនួនអ្នកផ្ទុកមេរោគអេដស៍ក្នុងប្រទេសឲ្យបាន ៩០% នៃចំនួនអ្នកផ្ទុកមេរោគអេដស៍សរុប, ដំណាក់កាលទី២៖ ត្រូវព្យាបាលអ្នកផ្ទុកមេរោគអេដស៍ឲ្យបាន ៩០% នៃចំនួនអ្នកផ្ទុកមេរោគអេដស៍ ដែលបានរកឃើញខាងលើ
និងដំណាក់កាលទី៣៖ ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ ដែលទទួលបានការព្យាបាលខាងលើ រដ្ឋត្រូវសម្រេចឲ្យបានលទ្ធផល ៩០% ដែលពិនិត្យមើលទៅសឹងតែគ្មានកំហាប់នៃមេរោគអេដស៍ ក្នុងរាង្គកាយអ្នកផ្ទុក។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងបញ្ជាក់ថា ទោះជាយ៉ាងខ្លាំង យើងនៅតែបន្ដការងារការនេះ ឱ្យកាន់តែសកម្មបន្ថែមទៀត ក្នុងការអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋយើង ក្នុងពេលដែលចុះទៅសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនពួកគាត់ នៅតាមតំបន់ និងបណ្ដាខេត្ដផ្សេងផ្សេងៗនៅទូទាំងប្រទេស ។

ក្នុងឱកាសនោះ លោកស្រី វ្ល៉ាដានកា អានឌ្រីវ៉ា ( Vladanka ANDREEVA) នាយកប្រតិបត្ដិអង្គការ UNAIDS បានសម្ដែងនូវការសសើរ និងចូលរួមអ បអរដល់ប្រទេសកម្ពុជា ដែលជាប្រទេសមួយដែលលេចធ្លោរយ៉ាងខ្លាំង នៅក្នុងចំណោម ៧ប្រទេសនៅលើពិភពលោក ដែលទទួលបាននូវសមិទ្ធផល ក្នុងការកាត់បន្ថយអត្រាមរណ ដោយមេរោគអេដស៍។ លោកស្រីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងបន្ដឆ្ពោះទៅសម្រេចគោលដៅសហវត្សរបស់អង្គការសហប្រជាជាតិ ក្នុងការកាត់បន្ថយ និងលុបបំបាត់ការឆ្លងរីករាលដាលមេរោគអេដស៍ នៅក្នុងឆ្នាំ២០២៥ផងដែរ។

ជាងនេះទៅទៀត លោស្រី វ្ល៉ាដានកា អានឌ្រីវ៉ា បានថ្លែងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចូលរួមគ្រប់សកម្មភាព ទាំងការជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋ ការអប់រំសុខភាព ការលើកកម្ពស់ជីវភាពរប ស់ប្រជាពលរដ្ឋ និងធនធានម នុស្សមនុស្សផងដែរ ។ ទន្ទឹងនឹងនោះ UNAIDS នឹងប្ដេជ្ញាសហការគាំទ្រកាកបាទក្រហមកម្ពុជា ចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកាត់បន្ថយ និងទប់ស្កាត់ការឆ្លងរីករាលដាលមេរោគអេដស៍ គម្រោងដទៃទៀត ដើម្បីជួយដល់ជនងាយរងគ្រោះ នៅប្រទេសកម្ពុជា៕