ឯកឧត្តម លឹម គានហោ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពី វឌ្ឍនភាពគម្រោងប្រព័ន្ធធារាសាស្ត្រតំបន់ខ្ពង់រាប និងការគ្រប់គ្រងវិស័យធនធានទឹក


ព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៦ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ស្តីពី វឌ្ឍនភាពគម្រោងប្រព័ន្ធធារាសាស្ត្រតំបន់ខ្ពង់រាប និងការគ្រប់គ្រងវិស័យធនធានទឹក នៅសាលប្រជុំទីស្តីការក្រសួង ។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ តំណាងធនាគារអភិវឌ្ឍន៍អាសុីប្រចាំកម្ពុជា ទីប្រឹក្សាបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាសុីប្រចាំគម្រោង ព្រមទាំងឯកឧត្តម អស់លោក លោកស្រី ដែលអញ្ជើញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធសរុប ១០០ នាក់ ។
សូមជម្រាបជូនថា គម្រោងប្រព័ន្ធធារាសាស្ត្រតំបន់ខ្ពង់រាប និងការគ្រប់គ្រងវិស័យធនធានទឹក ដែលបាន និងកំពុងអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាសុី និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល មានប្រព័ន្ធធារាសាស្ត្រ ចំនួន ០៣ កន្លែង គឺ ប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង ប្រព័ន្ធធារាសាស្ត្រអូរក្រញាក់ ស្ថិតក្នុងខេត្តកំពង់ធំ និងប្រព័ន្ធធារាសាស្ត្រព្រែកជីក ស្ថិតក្នុងខេត្តបាត់ដំបង ។
បន្ទាប់ពីបានតាមដាន ស្តាប់បទអន្តរាគមន៍របស់ទីប្រឹក្សាបច្ចេកទេសធនាគារអភិវឌ្ឍន៍អាសុីប្រចាំគម្រោង ដែលបានបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តគម្រោង និងការពិភាក្សាដេញដោលរួចមក អង្គប្រជុំបានឯកភាពគ្នា ធ្វើការវាយតម្លៃខ្ពស់ចំពោះគម្រោងដែលបាន និងកំពុងអនុវត្ត ហើយសង្ឃឹមថា ក្រោយពេលគម្រោងទាំង ០៣ ខាងលើ ត្រូវបានអនុវត្តរួចរាល់ជាស្ថាពរ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់កសិករក្នុងតំបន់នោះ ៕