សម្ដេចក្រឡាហោម ស ខេង អញ្ជើញប្រកាសផ្សព្វផ្សាយតួលេខបណ្ដោះអាសន្ន ជំរឿនទូទៅប្រជាជន ឆ្នាំ២០១៩


សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ អញ្ជើញប្រកាសផ្សព្វផ្សាយ លទ្ធផលបណ្តោះអាសន្នជំរឿនទូទៅប្រជាជន នៅកម្ពុជាឆ្នាំ២០១៩។ ពិធីនេះ ក៏មានការចូលរួមពី ទេសរដ្ឋមន្ដ្រី ឆាយ ថន រដ្ឋមន្ដ្រីក្រសួងផែនការ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

សូមបញ្ជាក់ថា ការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា ឆ្នាំ២០១៩ បានធ្វើឡើងដោយមានរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់១៣ ខែមីនា ឆ្នាំ២០១៩កន្លងទៅ។

នេះជាការធ្វើជំរឿនលើកទី៣ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលជាទូទៅធ្វើឡើងរៀងរាល់១០ឆ្នាំម្ដង ដើម្បីទទួលបានទិន្នន័យប្រជាសាស្ត្រជាក់លាក់ សម្រាប់ប្រើប្រាស់រៀបចំតាក់តែងគោលនយោបាយ ឲ្យបានត្រឹមត្រូវ និងដើម្បីធ្វើជាសូចនាករ ក្នុងការតាមដានត្រួតពិនិត្យផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា ២០១៦-២០៣០ ដោយមិនទុកឲ្យនរណាម្នាក់ឯកោឡើយ។

រដ្ឋាភិបាលកម្ពុជា ចាត់ទុកការធ្វើជំរឿនប្រជាជនទូទៅ មានសារសំខាន់ខ្លាំងណាស់ និងជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ និងច្បាស់លាស់ព្រមទាំងបានកំណត់ចរិកលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដ របស់ប្រជាជននៅទូទាំងប្រទេស។

ការធ្វើជំរឿនប្រជាជនកម្ពុជា អាចឲ្យយើងបានទិន្នន័យប្រជាសាស្ត្រពិតប្រាកដរបស់ប្រទេស និងជួយឲ្យរដ្ឋាភិបាលអាចរៀបចំតាក់តែង គោលនយោបាយបានត្រឹមត្រូវ ព្រមទាំងការអនុវត្តកម្មវិធីផ្សេងៗ ឲ្យទទួលបានតុល្យភាព នៃការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស៕