កិច្ចប្រជុំស្តីពីការត្រួតពិនិត្យការងារត្រៀមបង្ការ និងសង្រ្គោះគ្រោះមហន្តរាយខេត្តកំពត


ព្រឹក ថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦​ ខែសីហា​ ឆ្នាំ២០១៩​ ឯកឧត្តម​ ជាវ​ តាយ​ អភិបាល​ នៃគណៈអភិបាលខេត្តកំពត​ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការងារត្រៀមបង្ការ និងសង្រ្គោះគ្រោះមហន្តរាយខេត្ត ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១​គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ នៅសាលាខេត្តកំពត។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាឱកាសនេះរួមមាន: ឯកឧត្តម នាយឧត្តមសេនីយ៍ ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត កម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ សរុបប្រមាណ២០០នាក់។

ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្តម អភិបាលខេត្ត បានជម្រាបជូនអំពីមុខសញ្ញានៃគ្រោះមហន្តរាយ ក្នុងខេត្តកំពត និងការងារជួយអន្តរាគមន៍សង្គ្រោះបន្ទាន់ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់រួមជាមួយកាកបាទក្រហម និងសប្បុរសជន បានដោះស្រាយ ឧបត្ថម្ភជូនប្រជាពលរដ្ឋដែលរងគ្រោះ កន្លងមក។ ហើយ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់អំពីការងារដែលត្រូវអនុវត្តបន្តរួមមាន សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អង្គការជាតិ អន្តរជាតិ ក្នុងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយគ្រប់លំដាប់ថ្នាក់ -ត្រៀមបម្រុង កៀរគរធនធាន ដើម្បីឆ្លើយតបទាន់ពេលវេលា ពេលមានគ្រោះអាសន្ន -ផ្សព្វផ្សាយប្រព័ន្ធប្រកាសឲ្យដឹងមុនពីគ្រោះអាសន្ន (១២៩៤) និងផ្សព្វផ្សាយច្បាប់ស្តីពីគ្រប់គ្រងគ្រោះមហន្តរាយ។

ព្រមជាមួយនេះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ ទេសរដ្ឋមន្ត្រី​ ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែល ឯកឧត្តម ពិតជាបានខ្វល់ខ្វាយយកចិត្តទុកដាក់ខ្ពស់ អញ្ជើញចុះបំពេញបេសកកម្មដោយផ្ទាល់នៅលើទឹកដីខេត្តកំពតនាពេលនេះ។

សូមបញ្ជាប់ថា ឯកឧត្តម នាយឧត្តមសេនីយ៍​ ទេសរដ្ឋមន្ត្រី ក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឧបត្ថម្ភ មន្ត្រីរាជការ មេឃុំ ចៅសង្កាត់ ដែលមកពីបណ្តាក្រុង​ ស្រុកចំនួន ៨៣នាក់ ក្នុង១នាក់ ទទួលបានថវិកា ៥០០០០ម៉ឺនរៀល។