មន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តមណ្ឌលគិរី ប្រារព្វពិធីបិទមហោស្រពសិល្បៈ ចម្រៀងខ្មែរជាសកល ថ្នាក់ខេត្តលើកទី៥ ឆ្នាំ២០១៩


មណ្ឌលគិរី៖ ដើម្បីចូលរួមអភិរក្ស និងអភិវឌ្ឍន៍ វប្បធម៌ជាតិ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ មន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តមណ្ឌលគិរី បានរៀបចំពិធីបិទមហោស្រពសិល្បៈ ចម្រៀងខ្មែរជាសកល ថ្នាក់ខេត្តលើកទី៥ ឆ្នាំ២០១៩ ក្រោមវត្តមាន លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត លោក លិ សាមី សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ដែលប្រព្រឹត្តទៅនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តមណ្ឌលគិរី។
លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែលបានខិតខំប្រឹងប្រែង ក្នុងការចូលរួមអនុវត្តការងារទទួលបានជោគជ័យ និងសូមឱ្យបន្តយកចិត្ត ទុកដាក់អនុវត្តសកម្មភាពការងារឱ្យបានកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅសម្រេច ឱ្យបាននូវគោលនយោបាយជាតិស្តីពីវប្បធម៌ “អភិរក្ស និងអភិវឌ្ឍន៍ វប្បធម៌ជាតិ” ដោយអនុវត្តន៍ស្របតាម គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកស្រី បានផ្តល់អនុសាសន៍មួយចំនួន ដល់ប្អូនៗបេក្ខជន បេក្ខនារី ដែលទទួលបានជ័យលាភី ត្រូវបន្តទៅចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍មហោស្រពថ្នាក់ជាតិ ក្នុងអំឡុងខែតុលា ឆ្នាំ២០១៩ខាងមុខ គឺត្រូវព្យាយាមហាត់សមច្រៀង ជាបន្តទៀត ដើម្បីឈានទៅទទួលបានជោគជ័យ សម្រាប់ខេត្ត ក៏ដូចជាកិត្តិយសផ្ទាល់ខ្លួន។ ហើយចំពោះបេក្ខជន បេក្ខនារី ដែលពុំបានទទួលជ័យលាភី សូមកុំអាក់អន់ ស្រពោនចិត្ត ប្អូនៗ ត្រូវខិតខំបន្តទៀត សម្រាប់ឱកាសក្រោយៗ ព្រោះមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ នឹងរៀបចំការប្រឡងប្រជែង ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២០តទៅ។ ទទឹមនឹងនេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវចូលរួមបង្ករលក្ខណៈដល់បេក្ខជន បេក្ខនារី ដែលទទួលបានជ័យលាភី ក្នុងសកម្មភាពហាត់សម ដើម្បីឱ្យទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍មហោស្រពថ្នាក់ជាតិ នាពេលខាងមុខ ដើម្បីឱ្យយុវជន មានឱកាសបញ្ចេញ នូវសមត្ថភាព របស់ខ្លួនលើវិស័យសិល្បៈនេះ។
ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តមណ្ឌលគិរី លោក សី ទូច បានបញ្ជាក់ថា កម្មវិធីប្រឡងមានបេក្ខជន បេក្ខនារីដាក់ពាក្យចូលរួមប្រកួតប្រជែងចំនួន១៨នាក់ ហើយការប្រកួតចម្រុះមាន៣ដំណាក់កាល ដោយឡែក ការប្រកួតប្រជែងនៅថ្ងៃទី០៧ ខែសីហានេះ ជាការប្រកួតផ្តាច់ព្រ័ត្ត ដែលបានចម្រុះពីរវគ្គរួចមកហើយ នៅសល់បេក្ខជន បេក្ខនារីចំនួន១០នាក់តែប៉ុណ្ណោះ។ លោក បន្ថែមថា វិញ្ញាសាដែលត្រូវប្រឡងចំនួនពីរ៖ ចម្រៀងបុរាណ និងចម្រៀងសម័យ ហើយបេក្ខជន បេក្ខនារី ដែលទទួលបានជ័យលាភីតាមវិញ្ញានីមួយៗ ក្នុងនោះ ចំណាក់ថ្នាក់លេខ១ ទទួលបានថវិកា៦០ម៉ឺនរៀល លេខ២ ទទួលបានថវិកា៤០ម៉ឺនរៀល លេខ៣ ទទួលបានថវិកា៣០ម៉ឺនរៀល និងបន្ថែមប័ណ្ណជ័យលាភីម្នាក់មួយ ដោយឡែក បេក្ខជន បេក្ខនារី ដែលមិនបានជាប់ចំណាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា១០ម៉ឺនរៀល និងបន្ថែមប័ណ្ណថ្លែងអំណរគុណម្នាក់មួយ ដោយឡែក បេក្ខជន បេក្ខនារី ដែលទទួលបានជ័យលាភីលេខ១ ទាំងពីរវិញ្ញាសា មានចំនួន០៤នាក់ ដែលត្រូវចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍មហោស្រពថ្នាក់ជាតិ ក្នុងអំឡុងខែតុលា ឆ្នាំ២០១៩ខាងមុខផងដែរ៕