ឧត្តម ទេព ងន អញ្ជើញចូលរួមរៀបចំវេទិកាស្តីពី ការបូកសរុបលទ្ធផលការអនុវត្តផែនការ អភិវឌ្ឍន៍មូលដ្ឋាន សង្កាត់ និងថ្នាក់ក្រោមជាតិ ធានានូវសុវត្ថិភាពមូលដ្ឋាន


នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានរៀបចំវេទិកាស្តីពី ការបូកសរុបលទ្ធផលការអនុវត្តផែនការ អភិវឌ្ឍន៍មូលដ្ឋាន សង្កាត់ និងថ្នាក់ក្រោមជាតិ ធានានូវសុវត្ថិភាពមូលដ្ឋាន
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ក្រុមប្រឹក្សាសង្កាត់ ខណ្ឌ និងរាជធានីសរុបចំនួន២១០រូប។ ពិធីនេះ រៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ជាមួយនឹងវិទ្យាស្ថានសភាកម្ពុជា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។
សូមបញ្ជាក់ថា វេទិកានេះប្រព្រឹត្តទៅរយៈពេលពេញ១ថ្ងៃ ដោយមានការធ្វើបទអន្តរាគមន៍ស្តីពី លទ្ធផលបង្រ្កាបគ្រឿងញៀនតំបន់ត្រពាំងឈូក លទ្ធផលអនុវត្តផែនការបង្រ្កាប ទប់ស្កាត់អ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ បទអន្តរាគមន៍ស្តីពី ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី និងលទ្ធផល នៃការចុះឈ្មោះបោះឆ្នោត ការអនុវត្តគម្រោងផែនការអភិវឌ្ឍន៍សង្កាត់ ដំណើរការដកថវិការេជ្ជទេយ្យបុរេប្រទាន។ បទអន្តរាគមន៍ស្តីពី ការអភិវឌ្ឍន៍មូលដ្ឋានបង្កើតប្រភពចំណូលតាមផ្ទះ ការតភ្ជាប់ប្រព័ន្ធទឹកជាមួយនឹងបណ្តាញទឹកឯនជន។ មតិយោបល់សាលារាជធានីស្តីពី ការអន្តរាគមន៍របស់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍សំរោងមានជ័យ សង្កាត់ឃ្មួញ ការដោះស្រាយបរិស្ថាននៅតំបន់បឹងតាមោក។ និងបទអន្តរាគមន៍ស្តីពី លិខិតអត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី សៀវភៅស្នាក់ដៅ ការងារភូមិ សង្កាត់មានសុវត្ថិភាព។
អង្គវេទិកាក៏មានការស្រាយបំភ្លឺពីតំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងផែនការ និងតំណាងរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញផងដែរ៕