ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្ដូរមុខងារ ជូននាយទាហានជាន់ខ្ពស់តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ


ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្ដូរមុខងារ ជូននាយទាហានជាន់ខ្ពស់តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ នៅតំបន់ ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨។ តាមប្រកាសរបស់ក្រសួងការពារជាតិ លោកវរសេនីយ៍ឯក នូវ សំអុល ត្រូវបានប្រកាសតែងតាំងជាមេបញ្ជាការតំបន់ប្រតិបត្តិការ សឹករង​ខេត្តព្រះសីហនុ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍សំណេះសំណាលថា សុខភាព អតីតភាពការងារ ចំណេះដឹង បទពិសោធន៍ សីលធម៌ ការតស៊ូអំណត់ព្យាយាម និងការិយាបថទទួលខុសត្រូវក្នុងការធានាបាននូវសាមគ្គីភាព ឯកភាពជាតិបានល្អ ដែលជា គោលការណ៍របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ ការជ្រើស រើស ថ្នាក់ដឹកនាំអង្គភាព ជាមេបញ្ជាការ ឬនាយសេនាធិការ ដើម្បីធានាបាននូវការវាយ តម្លៃលើ សមត្ថភាព បទពិសោធន៍ និងសុខភាព ដើម្បីប្រសិទ្ធភាពការងារ បេក្ខភាព ដែលយើង ជ្រើសរើសទាំងអស់សុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិ ការជ្រើសរើសយើង វាយតម្លៃ ទៅលើការងារជាអាទិភាព អ្នកមានគុណសម្បត្តិ លក្ខណៈសម្បត្តិល្អជាងគេ ដើម្បីដឹកនាំ អង្គភាពឱ្យយមានការរីកចម្រើននាពេលបច្ចុប្បន្ន និងទៅអនាគត។

ឯកឧត្តមបន្តថា ខេត្តព្រះសីហនុ ជាខេត្តមួយមានសក្តានុពលក្នុងការវិនិយោគ អភិវឌ្ឍន៍រីកចម្រើន ទាមទារឱ្យកងកម្លាំងប្រដាប់អាវុធរបស់យើងមានលក្ខណៈ សម្បត្តិគ្រប់ គ្រាន់ក្នុងការត្រៀមជួយដល់ប្រជាពលរដ្ឋ ដូច្នេះសំខាន់ទៅលើឆន្ទៈក្នុងការដឹកនាំ។ ការដំឡើង ឋានន្តរស័ក្តិ មុខតំណែងមិនមែនជាការផ្ទេរសិទ្ធិ ប៉ុន្តែជាការទទួលខុសត្រូវ បន្តវេនពីមួយ ជំនាន់ទៅមួយជំនាន់ ដើម្បីធានាបាននូវប្រសិទ្ធភាព និរន្តរភាពក្នុងការបំពេញ តួនាទី និងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ។

ឯកឧត្តម នាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សង្ឃឹមថា មេបញ្ជាការថ្មី នឹងបន្តកិច្ចខំប្រឹងប្រែងបំពេញការងារឱ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីសម្រេចបាននូវស្នាដៃ និងសមិទ្ធផលថ្មីៗកាន់តែល្អប្រសើរជូនជាតិ មាតុភូមិ ពិសេសធ្វើយ៉ាងណាធានាឱ្យ បាននិរន្តរ ភាពនៃការរីកចម្រើនរបស់អង្គភាព ដើម្បីទុកជាមូលដ្ឋានសម្រាប់អ្នកបន្តវេន ជំនាន់ក្រោយ។ ក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បន្ទាប់ពីបានជោគជ័យ នៃគោលនយោបាយ ឈ្នះ ឈ្នះ នាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី ខ្មែរតែមួយក្រោមម្លប់ ជាតិ សាសនា ព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់របស់ជាតិ ប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងរស់នៅប្រកបដោយសុខសន្តិភាព សុខដុមរមនា សម្បូរ សប្បាយពេញពេញ ដោយមោទនភាពទៅនឹងសមិទ្ធផលថ្មីៗទាំង ឡាយដែលសម្រេចបាន ក្នុងរយៈពេលកន្លងមកលើមូលដ្ឋាន នៃសន្តិភាព ចីរភាព កម្ពុជាមានការអភិវឌ្ឍលើ គ្រប់វិស័យជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ ធ្វើឱ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា កាន់តែមានភាពល្អប្រសើរឡើង ជាលំដាប់ ទន្ទឹមនឹងការរីកចម្រើន ក៏មានសញ្ញាវិជ្ជមានកម្ពុជា ក៏កំពុងជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដែលយើងត្រូវ ពុះពារឆ្លងកាត់ផងដែរ។ កម្ពុជានឹង បន្តរឹតចំណងសាមគ្គីភាព មិត្តភាពគ្រប់បណ្ដាប្រទេសទាំងអស់នៅក្នុងសកលលោក កម្ពុជា រក្សាសិទ្ធិពេញលេញ ស្របច្បាប់ ក្នុងការធ្វើទំនើបកម្ម ដើម្បីពង្រឹងសមត្ថភាពកងទ័ព សម្រាប់កិច្ចការពារជាតិ ធានាបាននូវសន្តិភាព និងការពារសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈក្នុងផ្ទៃប្រទេស។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានធ្វើការសំណូមពរដល់មេបញ្ជាការ បន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរ ក្នុងនោះការដកបទពិសោធន៍ វាយតម្លៃលទ្ធផលការងារនៅក្នុងអង្គភាព ដើម្បីឈានទៅ កំណត់ឱ្យបានច្បាស់លាស់ និងរកវិធីដោះស្រាយប្រកប ដោយភាពជាម្ចាស់ការ និងការច្នៃ ប្រឌិត ព្រមទាំងផ្ដាំផ្ញើដល់នាយ នាយរង និងពលទាហាន ត្រូវគោរពនូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ ស្ដីពីលក្ខន្តិកៈនៃកងយុទ្ធ ពលខេមរភូមិន្ទ និងច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា រក្សាភាពស្មោះត្រង់ចំពោះជាតិ សាសនាព្រះមហាក្សត្រ និងគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានចែកអំណោយជូន ដល់និវត្តជនក្នុងខេត្តព្រះសីហនុប្រកបដោយភាពស្និទ្ធស្នាល៕