រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ ពិព័រណ៍អគារបេតិកភណ្ឌ​គឺជាការផ្ដល់​ឱកាស​ដល់​យុវជនជំនាន់​ក្រោយបានសិក្សា​ឈ្វេង​​យល់អំពីទីតាំង​អគារ​បេតិកភណ្ឌនៅកម្ពុជា


រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានចាត់ទុកព្រឹត្តិការណ៍នេះ គឺដើម្បីផ្ដល់ឱកាស​ដល់​សាធារណ​ជន​ជាតិ និងអន្តរជាតិ​ ជាពិសេសយុវជនកម្ពុជាជំនាន់ក្រោយបានសិក្សាឈ្វេង​យល់អំពីទីតាំង​អគារ​បេតិកភណ្ឌ នៅតាមរាជធានី និងបណ្តាខេត្តនានា​ទូទាំងប្រទេស ដែល​មានតម្លៃខាង​ផ្នែកវប្បធម៌ប្រវត្តិសាស្រ្ត ប៉ុន្តែ​មិនសូវមានអ្នកស្គាល់ និងចាប់អារម្មណ៍​ពីមុនៗ​មក។  ការលើក​ឡើងនេះ ធ្វើឡើងក្នុងពិព័រណ៍ “អគារបេតិកភណ្ឌដែលត្រូវគេមើលរំលង”​ដែលរៀបចំឡើង​ដោយក្រុមយុវជន គេហទំព័រហ្វេសប៊ុក អាមេហ្ស៊ីងខេមបូឌា សហការជាមួយផ្នែកពាក់ព័ន្ធ ទាំងរដ្ឋ និងឯកជន ដែលបានដាក់សម្ពោធ កាលពីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៩ នៅ​វិចិត្រ​​សាលក្បាច់មជ្ឈមណ្ឌលហ្វេក តូរី ភ្នំពេញ។

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានសម្ដែងការកោតសរសើរចំពោះ លោក  ស្រ៊ុន សុខមាន ដែលបានចំណាយពេល១០ ឆ្នាំ ក្នុងការចុះសិក្សាស្រាវជ្រាវរចនាបថ​របស់ខ្មែរ និងបានថតរូបភាព  អគារបេតិកភណ្ឌនានានៅ ក្នុងប្រទេសកម្ពុជា មកដាក់​បង្ហាញ​ជូនសាធារណជនបានឃើញទាំងអស់គ្នា។ ឯកឧត្ដមបានលើកឡើងថា បច្ចុប្បន្ននេះ មិនងាយ​ឃើញយុវជនខ្មែរ ចំណាយពេលវេលា ធ្វើការងារដោយ គ្មានលុយចូលបាន​ឆាប់នោះ​ទេ ប៉ុន្តែ​សម្រាប់យុវជន ស្រ៊ុន សុខមាន បានចំណាយពេលរយះពេល១០ឆ្នាំ ដោយ​គ្មាន​ចំណូល ក្នុង​ការសិក្សាស្រាវជ្រាវអំពីរចនាបថរបស់ខ្មែរពីសម័យមុនៗ មកបង្ហាញ​ឱ្យអ្នកជំនាន់​ក្រោយ បាន​ដឹងថា បុព្វបុរសខ្មែរជំនាន់មុន មានទេពកោសល្យ និងស្នាដៃធំៗជាច្រើន ពិសេស​សំណង់ ​ប្រវត្តិសាស្រ្តនានា ត្រូវបានកសាងឡើង។

តាមការបញ្ជាក់របស់ លោក ស្រ៊ុន សុខមាន ស្ថាបនិកកម្មវិធីពិព័រណ៍ “អគារបេតិ    ក​ភណ្ឌដែលត្រូវគេមើលរំលង” និងជាស្ថាបនិកទំព័រហ្វេសប៊ុក អាមេហ្ស៊ីង ខេមបូឌា បានលើក​ឡើងថា ក្នុងរយៈពេល១០ឆ្នាំដែលលោកបង្កើត Facebook នេះឡើងដោយ​ផ្តោតសំខាន់លើ​ការ​ចែករំលែករូបភាពឯកសារស្រាវជ្រាវ ទាក់ទងទៅនឹងប្រវត្តិសាស្រ្ត សិល្បៈ វប្បធម៌ខ្មែរពី​អតីត​កាល។ ក្រុមយុវជនរបស់ Facebookនេះ បានរៀបចំជាព្រឹត្តិ​ការណ៍នានាចំនួន៣លើក​រួចមកហើយ នឹងទទួលបានការគាំទ្រ​ច្រើនផងដែរ។ លោកបានបញ្ជាក់ដែរថា ក្នុងរយៈពេល​១០ឆ្នាំមកនេះ លោកបានចុះស្រាវជ្រាវ ផ្តិតយករូបភាពអគារ បេតិកភណ្ឌ ដែលមជ្ឍដ្ឋាន​ទូទៅ​មិនសូវស្គាល់ទូលំទូលាយ រាប់រយកន្លែង ស្ទើរតែគ្រប់ខេត្ត រាជធានី របស់កម្ពុជាមកបង្ហាញ​ឱ្យកូនខ្មែរជំនាន់ក្រោយ បានឃើញ​ទាំងអស់គ្នា។ លោកបានបន្ដទៀត​ថា ដំណើរការពិព័រណ៍​នេះ ធ្វើឡើងក្នុងការឆ្លុះបញ្ចាំងអំពីគំនិតច្នៃប្រឌិត របស់យុវជន សាមគ្គីភាព រវាងមនុស្សចាស់ និងក្មេងជំនាន់ក្រោយសហការរវាងស្ថាប័នរដ្ឋ និងឯកជន ការលើកកម្ពស់វិស័យស្រាវជ្រាវ នៅកម្ពុជា។

ជាមួយគ្នានេះដែរ ពិព័រណ៍រូបថតនេះ នឹងជួយ​បណ្តុះស្មារតី​ជាតិនិយមអភិរក្ស​និយម​ដល់ជនរួម​ជាតិ​ខ្មែរទាំងអស់ ឱ្យចេះថែរក្សាការពារអគារ​ទាំងនោះកុំឱ្យបាត់បង់ ឬឱ្យមានភស្តុ​តាងជារូបភាព​ឯកសារ​ សម្រាប់បន្សល់ទុកដល់ក្មេងជំនាន់ក្រោយៗ​ទៀត ព្រមទាំងចូលរួម​ចំណែកផ្សព្វ​ផ្សាយ បេតិកភណ្ឌស្ថាបត្យកម្ម ដ៏រុងរឿងដែលនៅសេស​សល់ក្នុងប្រទេសកម្ពុជា​ឱ្យជនបរ​​ទេសគ្រប់ជាតិសាសន៍ បានស្គាល់កាន់តែច្បាស់ដើម្បីលើកកម្ពស់ កិត្យានុភាពជាតិ ស្របតាម​យុទ្ធសាស្រ្តរបស់ ប្រមុខរាជរដ្ឋាភិបាល។ ពិព័រណ៍នេះ មិនត្រឹមតែបានបង្ហាញ​នូវ​របក​គំហើញ​ស្រាវជ្រាវ ទីតាំងអគារបេតិកភណ្ឌចំនួន៥០កន្លែងផ្សេងគ្នាៗប៉ុណ្ណោះទេ ពិព័រណ៍​នេះ ក៏ត្រូវ​បានរៀបចំឡើងដើម្បីជាវេទិកាមួយ សម្រាប់បង្កើតមូលនិធិសប្បុរសធម៌ទ្រទ្រង់​គម្រោងបោះ​ពុម្ពផ្សាយសៀវភៅអំពីស្ថាបត្យកម្មបែបប្រវត្តិសាស្រ្តចំនួនពីរ ក្រោមចំណងជើង​ថា “កម្ពុជា​កន្លះ​សតវត្សរ៍មុននិងក្រោយ” និង “អតីតរោងភាពយន្តនៅភ្នំពេញ” ដែលនឹងក្លាយ​ជាឯក​សារពហុភាសាដ៏សំខាន់ថ្មីសន្លាងមិនធ្លាប់មានសម្រាប់ទុកជាឯកសារ។ លើសពីនេះ​ទៅទៀត កម្មវិធីនេះ គឺស្វែងរកជំនួយថវិកាសម្រាប់ ឧបត្ថម្ភលោកតាព្រឹទ្ធាចារ្យ ពៀក ចាប៉ិច ដែល​មានឯកទេស និទានរឿងល្ខោនបាសាក់ទោល មកពីខេត្តស្វាយរៀង ធ្លាប់មានកេរ្តិ៍ឈ្មោះ​ប្រចាំ តំបន់តាំងពីក្រោយឆ្នាំ ១៩៧៩ រហូតមកដល់ពេលបច្ចុប្បន្ន ។

សូមបញ្ជាក់ថា ទាក់ទងគម្រោងនៃការបោះពុម្ពសៀវភៅ ខាងលើនេះ ឯកឧត្ដម ខៀវ កាញារីទ្ធ ក៏បាន​សន្យាថានឹងជួយឱ្យបានចេញជាផ្លូវការ ដើម្បីទុកជាឯកសារប្រវត្តិ សាស្រ្ត ផងដែរ។ ជាមួយគ្នានេះ​​ ឯកឧត្ដមក៏បានផ្តល់ជាថវិកាចំនួន ២លានរៀល​ ដល់ក្រុម Amazing Cambodia និងក្រុមការងាររៀបចំពិព័រណ៍ ១លានរៀល ក្រុមសិល្បៈចម្រុះ ១ លានរៀល ផងដែរ៕