ពលរដ្ឋជាង៦ពាន់នាក់ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ថ្លែងអំណរគុណឯកឧត្តម ហ៊ុន ម៉ានី ដែលបញ្ជូនក្រុមគ្រូពេទ្យចុះទៅព្យាបាលជំងឺដោយឥតគិតថ្លៃ


(កំពង់ចាម)៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលមកពិនិត្យជំងឺជាង៦ពាន់នាក់ បានថ្លែងអំណរគុណឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធាន ស.ស.យ.ក ដែលបានបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តជំនាញៗ និងមានវិជ្ជាជីវៈច្បាស់លាស់ ចុះមកពិនិត្យនិងព្យាបាលជំងឺ ព្រមទាំងចែកជូនថ្នាំពេទ្យ ដោយឥតគិតថ្លៃជូនដល់ពួកគាត់។

ការងារមនុស្សធម៌របស់ក្រុមគ្រូពេទ្យស្ម័គ្រឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានប្រជាពលរដ្ឋទាំង១៧រាជធានី-ខេត្ត បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ក្នុងការចុះមកពិនិត្យព្យាបាល ជូនដល់ពួកគាត់ មិនតែប៉ុណ្ណោះក៏បានចែកជូនថ្នាំពេទ្យដោយមិនគិតថ្លៃទៀតផង ដែលសកម្មភាពទាំងអស់នេះ ក៏បានចូលរួមចំណែកមួយផ្នែក ក្នុងវិស័យសុខាភិបាលនៅកម្ពុជា ទៅលើពលរដ្ឋក្រីក្រនៅតាមតំបន់ដាច់ស្រយ៉ា។

ការថ្លែងអំណរគុណរបស់ប្រជាពលរដ្ឋនេះ ធ្វើឡើងនាថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ក្នុងឱកាសដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤៥៣នាក់ ដឹកនាំផ្ទាល់ដោយ ឯកឧត្តម លេង ផាលី ប្រធានក្រុមគ្រូពេទ្យ បានបន្តចុះទៅពិនិត្យ និងព្យាបាល ថែមទាំងផ្តល់ជូននូវថ្នាំដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋចំនួន៦,២៣៤នាក់ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែនមានជ័យ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ កម្មវិធីសប្បុរសធម៌នេះ ក៏មានការចូលរួមពីឯកឧត្តមបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមផងដែរ។

ឯកឧត្តម លេង ផាលី បានបញ្ជាក់ថា គិតចាប់ពីថ្ងៃបង្កើត ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋបានចំនួន១៩៣លើកហើយ ដោយមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចូលរួមចំនួន៤,២៧៥នាក់ (បួនពាន់ពីរយចិបសិបប្រាំនាក់) ហើយបានពិនិត្យ និងព្យាបាលព្រមទាំងចែកថ្នាំដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋបានចំនួន៤៥៣,៧៩១នាក់ (សែសិបប្រាំម៉ឺនបីពាន់ប្រាំពីររយកៅសិបមួយនាក់) ក្នុងនោះស្ត្រីមានចំនួន៣០៦,២៧១នាក់ (សាមសិបម៉ឺនប្រាំមួយពាន់ពីររយ ចិតសិបមួយនាក់) ក្នុង១៩រាជធានីខេត្ត។

សូមជម្រាបថា ជំងឺដែលបានព្យាបាលជូនប្រជាពលរដ្ឋរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ ព្យាបាលរបួស វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍(វិភាគឈាម)…។ល។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន ក៏បានឲ្យដឹងដែរថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម ហ៊ុន ម៉ានី បានមកជួយព្យាបាលដល់ប្រជាជននៅស្រុកជើងព្រៃ ខេត្តកំពង់ចាមនេះ ចំនួន២ដងហើយ បើគិតពីប្រជាពលរដ្ឋ ដែលទទួលបានព្យាបាល គឺមានរហូតដល់ជាង១ម៉ឺននាក់ ហើយក្នុងនោះក៏មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្សេងៗទៀត បានមកធ្វើការព្យាបាលដោយមិនគិតថ្លៃជាច្រើនដងផងដែរ ដែលបានធ្វើឱ្យប្រជាពលរដ្ឋ ទទួលការព្យាបាលដោយមិនគិតថ្លៃ រហូតដល់ជាង៥ម៉ឺននាក់ ដោយមិនបានប្រកាន់លើនិន្នាការនយោបាយអ្វីនោះឡើយ គឺជាអំពើមនុស្សធម៍សុទ្ធសាធ ដែលនេះគឺបានបង្ហាញពីសមិទ្ធផលដ៏ធំធេង និងជាជោគជ័យដែលបានកើតពេញ ពីគណបក្សប្រជាជនកម្ពុជាយើង។

លោក ឃុត សឹង មានវ័យ៦៩ឆ្នាំ ជាពលរដ្ឋម្នាក់រស់នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលបានមកទទួលសេវាព្យាបាលជំងឺលើសឈាម ដោយមិនគិតថ្លៃពី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា លោកពូពិតជាមានអារម្មណ៍ សប្បាយរីករាយខ្លាំងណាស់ ហើយនេះជាប្រវត្តិសាស្ត្រមកហើយ គឺមិនដែលមានគ្រូពេទ្យដែលបានចុះមកពិនិត្យជំងឺ ដោយមិនគិតថ្លៃ ដូចជាសម័យសម្តេចតេជោ ហ៊ុន សែន នេះទេ ដែលមានចំណាត់ការដ៏សមរម្យ ក្នុងការយកចិត្តទុកដាក់ដល់សុខភាពប្រជាជន។

លោកក៏បានថ្លែងអរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ និងសម្តេចតេជោ ជាមួយនឹងការជូនពរសម្តេចតេជោ ហ៊ុន សែន សូមឱ្យមានសុខភាពល្អ បានដឹកនាំប្រទេសជាតិគ្រប់អាណត្តិទាំងអស់បន្តទៅមុខទៀត។ ជាមួយគ្នានោះ លោកពូក៏បានស្នើរសុំឱ្យមានក្រុមគ្រូពេទ្យ ចុះមកពិនិត្យព្យាបាលជំងឺ ដោយមិនគិតថ្លៃនេះ មកឱ្យបានញឹកញាប់បន្ថែមទៀត ដើម្បីចូលរួមកាត់បន្ថយចំណាយលើសេវាសុខភាពរបស់ប្រជាជនផងដែរ។

បើតាមរបាយការណ៍ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបង្ហាញឲ្យឃើញថា៖ ជំងឺកុមារ៣៦១នាក់, ជំងឺស្រ្តី៤១៧នាក់, ជំងឺផ្លូវចិត្ត១១៦នាក់, ជំងឺឫសដូងបាត១៤៧នាក់, ជំងឺសន្លាក់ឆ្អឹង១០៧នាក់, ជំងឺរលាកសួត៩៨នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក២១៧នាក់, ជំងឺភ្នែក៩៦នាក់, ជំងឺសើរស្បែក៨៣នាក់, ជំងឺទឹកនោមផ្អែ១៣៤នាក់, ជំងឺមាត់ធ្មេញ៩៦នាក់, អេកូសាស្ត្រ១០២នាក់, វាស់ចង្វាក់បេះដូង១២០នាក់, ព្យាបាលរបួសនិងវះកាត់តូច៨៩នាក់ វិភាគឈាមនិងបន្ទប់ពិសោធន៍២៧១នាក់ និងរួមនឹងជំងឺទូទៅចំនួន៣,៧៨០នាក់៕