កម្ពុជារកឃើញបេក្ខនារីជ័យលាភី ៣រូប ដើម្បីចូលរួមការតស៊ូមតិថ្នាក់តំបន់របស់យុវជនអាស៊ាន «ស្តីពីសិទ្ធិមនុស្ស ឆ្នាំ២០១៩» នៅប្រទេសថៃ


គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងតំណាងគណៈកម្ពុជា ប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-កម្ពុជា) នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ បានសហការគ្នារៀបចំ «ការស៊ូមតិថ្នាក់ជាតិរបស់យុវជន ស្តីពីសិទ្ធិមនុស្ស ឆ្នាំ២០១៩» ដោយរកឃើញបេក្ខនារីជ័យលាភី ៣រូប ដែលនឹងត្រូវចូលរួមការតស៊ូមតិថ្នាក់តំបន់ របស់យុវជនអាស៊ាន «ស្តីពីសិទ្ធិមនុស្ស ឆ្នាំ២០១៩» ទីក្រុងបាងកក ប្រទេសថៃ។

បេក្ខនារីទាំង ៣រូប ដែលជាប់ជ័យលាភី ហើយនឹងត្រូវទៅចូលរួមការតស៊ូមតិថ្នាក់តំបន់របស់យុវជនអាស៊ាន «ស្តីពីសិទ្ធិមនុស្ស ឆ្នាំ២០១៩» នៅប្រទេសថៃ រួមមានទី១៖ ឈ្មោះ សុង សុជាតា មកពីសាកលវិទ្យាល័យ Paragon, ទី២៖ ឈ្មោះ សុខ សូនីតា មកពីសាកលវិទ្យាល័យ AUPP និងទី៣៖ ឈ្មោះ ចេង ឧស្សាហ៍ មកពីវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាភូមិន្ទភ្នំពេញ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជំរុញដល់បេក្ខនារីទាំង ៣រូប ត្រូវខិតខំហ្វឹកហាត់យកចំណេះ ដឹងផ្សេងៗបន្ថែមទៀត ដើម្បីដណ្តើមយកជ័យជំនៈជូនមាតុភូមិឱ្យបាន ហើយត្រូវតាំងចិត្តឱ្យរឹងមាំថា ការចេញទៅប្រកួតនេះ មិនមែនដើម្បីខ្លួនឯង និងក្រុមគ្រួសារនោះទេ គឺជាតំណាងឱ្យជាតិទាំងមូលផងដែរ។

ឯកឧត្តម កែវ រ៉េមី បានបន្តថា ទោះបីការប្រកួតប្រជែងមិនទទួលបានជ័យជំនៈក៏ដោយ ក្នុងនាមរដ្ឋាភិបាល និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងបន្តលើកទឹកចិត្តដល់ក្មួយៗ ដែលបានខិតខំប្រឹងប្រែងអស់ ពីសមត្ថភាព ទាំងកម្លាំងកាយ ប្រាជ្ញាស្មារតី។

ទន្ទឹមនឹងនេះលោកជំទាវ ហ៊ាន ប៉ូលីណេ តំណាងកម្ពុជា ប្រចាំអាយឆា (អាយឆា-កម្ពុជា) នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា «ការស៊ូមតិថ្នាក់ជាតិរបស់យុវជន ស្តីពីសិទ្ធិមនុស្ស ឆ្នាំ២០១៩» នឹងធ្វើនៅថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ លោកស្រីបញ្ជាក់ថា សម្រាប់ប្រធានបទ ដែលនឹងត្រូវលើកយកពិភាក្សានោះ គឺមិនទាន់ដឹងនៅឡើយទេ ព្រោះភាគីម្ចាស់ផ្ទះតម្រូវឱ្យបេក្ខជន បេក្ខនារីចាប់ឆ្នោត។

លោកជំទាវ បានបន្តថា សម្រាប់បេក្ខនារីដែលជាប់ជយលាភីនេះ គឺជាយុវត្តីខ្មែរ ដែលមានសមត្ថភាពគ្រប់គ្រាន់ទាំងផ្នែកភាសាបរទេស ចំណេះដឹងផ្នែកសិទ្ធិមនុស្ស ជំនាញក្នុងការតស៊ូមតិ ព្រមទាំងចំណេះដឹងផ្សេងៗទៀត ដែលតម្រូវគណៈកម្មាធិការសម្រេចជ្រើសរើស នៅក្នុងចំណោមបេក្ខជន និងបេក្ខនារីចំនួន១១រូបផងដែរ។ ក៏ប៉ុន្តែទោះបីបេក្ខនារីទាំង៣រូបមានចំណេះ ជំនាញក៏ពិតមែន ប៉ុន្តែតម្រូវឱ្យគណៈកម្មាធិការសិទ្ធិមនុស្ស អប់រំណែនាំបន្ថែមទៀត ដើម្បីធ្វើយ៉ាងបង្កើនសមត្ថភាពដែលមានស្រាប់ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

ដោយឡែកបេក្ខនារីទាំង៣រូប បានបង្ហាញក្តីរំពឹង និងការប្តេជ្ញាចិត្តខ្ពស់ ធ្វើយ៉ាងណាប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមកិត្តិយស ជូនជាតិមាតុភូមិ ជាពិសេសលើកឡើងពីសិទ្ធិសេរីភាព ការបញ្ចេញមតិរបស់ប្រជាជនកម្ពុជា ក្រោមដំបូលនៃសន្តិភាពបច្ចុប្បន្ននេះ ប្រាប់ដល់យុវជន យុវនារី ដែលបានចូលរួមប្រកួតជែងនេះ ឱ្យបានដឹងកាន់តែច្បាស់ពីស្ថានភាពរបស់កម្ពុជា នៅក្នុងវេទិកានោះផងដែរ។

បេក្ខនារីទាំង៣រូប បានបន្តថា ចូលរួមការតស៊ូមតិថ្នាក់តំបន់របស់យុវជនអាស៊ាន «ស្តីពីសិទ្ធិមនុស្ស ឆ្នាំ២០១៩» ដែលធ្វើឡើងនៅប្រទេសថៃ គឺជាកក្តាសំខាន់មួយ ដែលធ្វើឱ្យយុវជននៅក្នុងតំបន់អាស៊ានទាំងមូល កាន់តែយល់ដឹងច្បាស់ពីបញ្ហាសិទ្ធិមនុស្ស តាមរយៈការជជែកពិភាក្សាគ្នានេះ៕