ព្រឹកថ្ងៃចន្ទ ១២កេីត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម សុខ ពុទ្ធិវុធ
រដ្ឋលេខាធិការក្រសួងប្រៃណីយ៍និងទូរគមនាគមន៍
និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទ្រាំង ឯកឧត្តម OH Nak-Young, ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋកូរ៉េ លោកស្រី គា សុភូ អភិបាលរងខេត្តតាកែវ បានអញ្ជេីញជាគណៈអធិបតីក្នុងពិធីបេីកកម្មវិធីពិនិត្យសុខភាពសហគមន៍និងការផ្លាស់ប្តូរវប្បធម៌ កម្ពុជា-កូរ៉េ ដែលនឹងដំណេីរការរយៈពេល ០៣ថ្ងៃពីថ្ងៃទី១២-១៤ ខែសីហា ឆ្នាំ២០១៩ នៅឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
នាឱកាសនោះឯកឧត្តម សុខ ពុទ្ធិវុធ បានមាមប្រសាសន៍ថាកម្មវិធីដ៏មានអត្ថន័យនេះ ពិតជាមានសារសំខាន់ណាស់ក្នុងការចូលរួមចំណែកលើកកម្ពស់ សុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជាការចូលរួមលើកកម្ពស់វិស័យសុខាភិបាលដែលត្រូវបានចាត់ទុកជាវិស័យអទិភាព ក្នុងចំណោមវិស័យសំខាន់ៗជាច្រើនទៀតក្នុងគោលនយោ-បាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា។
ឯកឧត្តមបន្តថា យេីងបានទាំងអស់គ្នាបានជ្រាបហេីយពីទុក្ខវេទនាក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប៉ុន្តែក្រោយថ្ងៃរំដោះ7៧មករា ១៩៧៩ ដែលជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា និងក្រោមការដឹកនាំប៉ិនប្រសព្វនិងឈ្លាសវៃរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ បាននាំនាវាកម្ពុជាឱ្យបានរួចផុតពីភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃជាច្រើនទស្សវត្ស ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋត្រូវបានលើកកម្ពស់ជាលំដាប់ ព្រមទាំងបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សេដ្ឋកិច្ចជាតិ ធនធានមនុស្ស និងកិត្តនាមរបស់កម្ពុជាល្បីរន្ទឺលើឆាកអន្តរជាតិ និងស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងលើសកលលោក។