ខេត្តរតនគិរី៖ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី បានអញ្ជើញចុះចែកអំណោយមនុស្សធម៌របស់ អង្គការការីតាសកម្ពុជា ជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ចំនួន ៥០០ គ្រួសារ មកពីភូមិដីឡូត៍ និងភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី។ ជាមួយគ្នានេះ អង្គការការីតាសកម្ពុជា បានផ្តល់ធុងទឹកចំណុះ ២,០០០ លីត្រ ចំនួន ៨ ប្រព័ន្ធចម្រោះទឹកស្អាតបំពាក់ជាមួយធុងទឹកចំនួន ៦ អូប័រចំនួន ៤ គ្រឿង និងបង្គន់អនាម័យចំនួន ៣ បំពាក់ជាមួយប្រព័ន្ធភ្លើងសូឡា ដល់សាលាស្រុកលំផាត់។
ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តម ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អង្គការការីតាស កម្ពុជា ដែលបានចូលរួមជាកម្លាំងសាមគ្គីមនុស្សធម៌ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។
អង្គការការីតាសកម្ពុជា បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការងារមនុស្សធម៌ និងការអភិវឌ្ឍ ហើយនាថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ អង្គការ នឹងបន្តផ្តល់ជំនួយមនុស្សធម៌ចំនួន ៥០០ គ្រួសារ បន្ថែមទៀត ជូនដល់ប្រជាពលរដ្ឋនៅស្រុកលំផាត់។