ឯកឧត្តម ប៉ា សុជាតិវង្ស ថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក


អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស បានថ្លែងថា ការធ្វើចរាចរណ៍​ក្នុងរាជធានីភ្នំពេញ​នាពេលបច្ចុប្បន្នកំពុងតែ​មានការមមាញឹកខ្លាំង ហើយបើគ្មាន​ការអន្តរាគមន៍ពី​កម្លាំងនគរបាលចរាចរណ៍ត្រឹមតែ ៣០នាទី ការកកស្ទះចរាចរណ៍នៅ ១៨២គោលដៅ​នឹងកើតឡើងភ្លាម។

ថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូវគោក​នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧នេះ ឯកឧត្តម ប៉ា សុជាតិវង្ស បានឲ្យដឹងដែរថា ការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ​នាពេលបច្ចុប្បន្ន​បណ្តាលមកពីកត្តា ៣យ៉ាងរួមមាន៖ កត្តាយានយន្ត ប្រព័ន្ធហេដ្ឋា​រចនាសម្ព័ន្ធ និងកត្តាអ្នកបើកបរ។

បើតាមឯកឧត្តម ប៉ា សុជាតិវង្ស កន្លែងដែលកកស្ទះក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ មានចំនួន ១៨២គោលដៅ ហើយបើគ្មានកងកម្លាំងនគរបាលចរាចរណ៍ ក៏ដូចជាកង​រាជអាវុធហត្ថ​ទៅអន្តរាគមន៍ក្នុងរយៈពេល​ត្រឹម ៣០នាទីទេ ការកកស្ទះនឹង​កើតឡើងភ្លាម។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានឲ្យដឹងផងដែរថា ដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍នេះ សាលារាជធានីភ្នំពេញ ក៏បានប្រឹងប្រែងពង្រីក និងសាងសង់ផ្លូវបន្ថែម ហើយក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះសាលារាជធានីភ្នំពេញ បានសាងសង់ផ្លូវប្រវែងសរុបជាង ៤០០គីឡូម៉ែត្រ។

បើតាមឯកឧត្តមអភិបាលរាជធានីភ្នំពេញ កត្តាផ្លូវនេះ មិនទាន់បានឆ្លើយតបទៅនឹងកំណើនមនុស្ស និងយានយន្តនៅឡើយនោះទេ។ ឯកឧត្តមអភិបាលបានឲ្យដឹងទៀតដែរថា ចំនួនយានយន្តនៅក្នុងរាជធានីភ្នំពេញបានកើនឡើងពី ៣៥,០០០គ្រឿង ទៅ ៥០ម៉ឺនគ្រឿង។ ឯកឧត្តមអភិបាល ក៏បានឲ្យដឹងដែរថា នៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្នមានយានយន្តចំនួន ៤០ម៉ឺនរថយន្ត និងម៉ូតូ ១លាន ៤សែនគ្រឿង និងមានប្រជាពលរដ្ឋជិត ៣លាននាក់។

ឯកឧត្តម ប៉ា សុជាតិវង្ស បានឲ្យដឹងដែរថា បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្តុបជាង ២០០កន្លែង និងបំពាក់កាមេរ៉ាត្រួតពិនិត្យការធ្វើ ចរាចរណ៍របស់ប្រជាពលរដ្ឋជាង ៦០០គ្រឿង៕