ចំណងមិត្តភាពកម្ពុជា-ឥណ្ឌាកាន់តែត្រូវបានពង្រឹង តាមរយៈការសម្តែងសិល្បៈរួមគ្នានាទិវាសំស្ក្រឹត ២០១៩


(ភ្នំពេញ)៖ ទំនាក់ទំនងលើវិស័យវប្បធម៌ និងសាសនារវាងកម្ពុជា-ឥណ្ឌា ដែលចាប់ផ្ដើមតាំងពីបុរាណដ៏យូរលង់នោះ កាន់តែត្រូវបានការពង្រឹងជារឿយៗ តួយ៉ាងនាឱកាសនៃទិវាសំស្ក្រឹត (Sanskrit Day) ឆ្នាំ២០១៩នេះ ស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា រៀបចំពិធីសម្ដែងសិល្បៈបុរាណរួមគ្នាមួយឡើងយ៉ាងអធិកអធម។

ពិធីសម្ដែងសិល្បៈបុរាណរួមគ្នានេះត្រូវបានគេឱ្យឈ្មោះថា «បារាម្បារ្យា ឬ Paramparya»។ ពិធីនេះត្រូវបានប្រារព្ធឡើងនារាត្រីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅសាលាមហោស្រពចតុម្មុខ ក្រោមអធិបតីភាពលោកស្រី ម៉ូនីកា ជេន ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា រួមជាមួយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌។

នាឱកាសនោះ លោកស្រី ម៉ូនីកា ជេន បានឱ្យដឹងថា ការសម្ដែងសិល្បៈរួមគ្នានេះ គឺជាការចូលរួមរឹតចំណងមិត្តភាពបន្ថែមទៀតរវាងកម្ពុជា និងឥណ្ឌា ពិសេសការរៀបចំកម្មវិធីនេះក៏ដើម្បីចូលរួមអបអរសាទរទិវាសំស្ក្រឹត ២០១៩ ផងដែរ ដោយហេតុថាកម្ពុជាក៏ជាប្រទេសប្រើប្រាស់ភាសាសំស្ក្រឹតដូចប្រទេសឥណ្ឌា និងប្រទេសមួយចំនួនទៀតដែរ។

លោកជំទាវ ភឿង សកុណា បានឱ្យដឹងថា ចំណងមិត្តភាពកម្ពុជា-ឥណ្ឌាកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមបន្តពីសម័យបុរាណដ៏យូរលង់ តួយ៉ាងក្នុងវិស័យវប្បធម៌ សាសនា ក៏រឹតតែមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធផងដែរ។

លោកជំទាវ រដ្ឋមន្ត្រីបានបន្តថា នាសម័យអង្គរ កម្ពុជាបានស្គាល់នូវភាពរុងរឿងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដែលក្នុងនោះវិស័យវប្បធម៌ សិល្បៈ សាសនា ក៏បានការចូលរួមចំណែកយ៉ាងសំខាន់ផងដែរ ជាក់ស្ដែងយើងបានឃើញនូវសំណង់ប្រាសាទ ក្បូរក្បាច់រចនា ចម្លាក់នៅតាមប្រាសាទនានា។

បើតាមលោកស្រីឯកអគ្គរដ្ឋទូត ពាក្យថាបារាម្បារ្យា ឬ Paramparya នេះ ជាភាសាសំស្ក្រឹត មានន័យថា ប្រពៃណី ទំនៀមទម្លាប់ដែលបានបន្សល់ទុកតពីដូនតារហូតដល់បច្ចុប្បន្ន។

នាឱកាសនោះ ខាងភាគីកម្ពុជាក៏បានបង្ហាញការសម្ដែងខ្សែរឿង «កូរសមុទ្រទឹកដោះ» ត្រង់វគ្គ «កូរយកទឹកអម្រឹត» ដែលមានការចូលរួមសម្ដែងដល់ក្រុមសិល្បករមកពីពិសោធន៍សិល្បៈខ្មែរអមតៈ ចំណែកខាងភាគីឥណ្ឌាបានបង្ហាញការសម្ដែងរបាំ «បារ៉ាណាត្យាម Bharanatyam» សម្ដែងដោយអ្នកនាង ម៉ូហាណា ណាតារាច័ន្ទ ព្រមទាំងមានការច្រៀងចម្រៀងជូនពររួមគ្នាជាចុងក្រោយផងដែរ៕