ឯកឧត្តម ស៊ុន ចាន់ថុល ស្នើឱ្យប្រធានមន្ទីរសាធារណការខេត្តសៀមរាបរៀបចំផែនការការងារ១០០ថ្ងៃ ដើម្បីអនុវត្តន៍បង្ហាញពីស្នាដៃការងាររបស់ខ្លួន


ថ្លែងនៅក្នុងពិធីប្រកាសតែងតាំង លោក គី វីរិន្ទ ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប ជំនួសលោក គឹម ប៊ុនណ្ណា ដែលត្រូវបានឡើងទៅជាអនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ការផ្លាល់ប្តូរប្រធានមន្ទីរនាពេលនេះ ជាការលើកកម្ពស់ការអភិវឌ្ឍវិស័យសាធារណការក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តសៀមរាប។

ឯកឧត្តមបានស្នើឱ្យលោក គី វីរិន្ទ ប្រធានថ្មី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ត្រូវរៀបចំផែនការការងារ១០០ថ្ងៃ ដើម្បីអនុវត្តន៍បង្ហាញស្នាដៃការងាររបស់ខ្លួនក្នុងតំណែង និងភារកិច្ចថ្មីដែលថ្នាក់លើប្រគល់ជូន។ ព្រោះថា ប្រជាពលរដ្ឋទាំង​អស់​នៅ​ខេត្ត​សៀមរាប និង​នៅ​ចាំមើលថាតើប្រធានមន្ទីរថ្មីនេះ អាចធ្វើអ្វីបានខ្លះ? ដើម្បី​ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តសៀមរាបមានការរីកចម្រើន។

លោក គី វីរិន្ទ ដែលទើបទទួលបានតួនាទីជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបជំនួសលោក គឹម ប៉ុណ្ណា ដែលត្រូវទទួលបានតួនាទីថ្មីនៅទីស្ដីការក្រសួង បានប្តេជ្ញាចិត្តថា នឹងខិតខំធ្វើការលើវិស័យសាធារណការ និងអនុវត្តន៍ការងារតាមគោលការណ៍របស់ក្រសួងដែលបានដាក់ចេញ ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជាឱ្យកាន់តែការរីកចម្រើនបន្ថែមទៀត។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងការកោតសរសើរពីការខិតខំប្រឹងប្រែងរបស់ប្រធានមន្ទីរចាស់ លោក គឹម ប៉ុណ្ណា ដែលបានរួមចំណែកអភិវឌ្ឍន៍វិស័យសាធារណការក្នុងខេត្តឱ្យមានការរីកចម្រើននាពេលកន្លងមក។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា វិស័យសាធារណការពិតជាមានសារៈសំខាន់ណាស់សម្រាប់ខេត្តទេសចរណ៍សៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តខេត្តនេះឱ្យបានច្រើន។ ឯកឧត្តមបានជំរុញឱ្យប្រធានមន្ទីរសាធារណការដែលទើបឡើងថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តសៀមរាបឱ្យកាន់មានការរីកចម្រើន ជាពិសេសនៅតាមផ្លូវសំខាន់ៗគួររៀបចំឱ្យមានផ្លូវកង់ ព្រោះភ្ញៀវទេសចរបច្ចុប្បន្ននេះចូលចិត្តជិះកង់ទៅកម្សាន្តនៅតាមរមណីយដ្ឋាននានា៕