សកម្មភាព​​ដឹក​ជញ្ជូន​ប្រធាន​វិញ្ញាសា​ទៅ​កាន់​បណ្ដា​រាជធានី​ខេត្ត


នា​ព្រឹក​ថ្ងៃសុក្រ ​១​រោច ខែ​ស្រាពណ៍ ​ឆ្នាំ​កុរ ឯកស័ក ព.ស.២៥៦៣ ប្រធាន​គណៈ​មេប្រយោគ​ទូទាំង​ប្រទេស ប្រចាំ​រាជធានី​ខេត្ត​បាន​មក​ទទួល ផ្ទៀងផ្ទាត់ និង​ដឹកជញ្ជូន​ហឹប​ប្រធាន​វិញ្ញាសា ទៅ​កាន់​បណ្ដា​រាជធានី​ខេត្ត​រៀង​ៗ​ខ្លួន ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង៖ ១៩ សីហា ឆ្នាំ​២០១៩។

សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​​ឆ្នាំ​២០១៩នេះ សិស្ស​ដែល​បាន​ដាក់​ពាក្យ​ប្រឡង​មាន​ចំនួន​ ១១៧០៦១នាក់ ចែក​ចេញ​ជា​ពីរ​ក្រុម គឺ​ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន ៥១,៧ភាគរយ​ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ចំនួន ៤៨,៣ភាគរយ។ មណ្ឌល​ប្រឡង​ចំនួន១៩៥ មណ្ឌល ក្នុង​នោះ​មណ្ឌល​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន ៩៩ មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន៩៦ មណ្ឌល ព្រមទាំង​ ៤ ៧១៦​បន្ទប់៕

១៦ សីហា ​២០១៩