លោកជំទាវឧបនាយក រដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពនៃ គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និអភិវឌ្ឍន៍ខេត្តកណ្តាល


ខេត្តកណ្តាល ៖ លោកជំទាវឧបនាយក រដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពនៃគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និអភិវឌ្ឍន៍ ខេត្តកណ្តាល និងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ។
នាឱកាសនោះផងដែរ លោកជំទាវក៏បានពាំនាំផ្តាំផ្ញើរនូវការសួរទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងបង្អូនជាមន្ត្រីរាជការ និងនារីទាំងអស់នៅទូទាំងខេត្ត និងបានថ្លែងនូវការកោតសរសើរចំពោះការខិតខំរបស់បងប្អូនដែលបានប្រឹងប្រែងក្នុងរយៈពេលកន្លងមក ។

លោកជំទាវក៏បានមានប្រសាសន៍ថា ៖ កម្ពុជាបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បាន អនុវត្តនូវគោលនយោបាយ ឈ្នះ ឈ្នះ ដែលបានប្រែក្លាយប្រទេសពីមានសង្គ្រាមរាំរ៉ៃ មកជាប្រទេសដែលមានការរីកចម្រើន និងការអភិវឌ្ឍន៍លើគ្រប់វិស័យហើយបានធ្វើឱ្យប្រជាជាតិយើងទទួលបានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

លោកជំទាវក៏បានផ្តាំផ្ញើរដល់បងប្អូនទាំងអស់ត្រូវចេះថែរក្សាសុខសន្តិភាព, ត្រូវចូលរួមការបន្តអនុវត្តនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល គឺត្រូវធ្វើឲ្យបានច្រើន ធ្វើឲ្យបានឆ្ងាយ និង ធ្វើឲ្យ បានទូលាយជាងមុន, ត្រូវធ្វើឲ្យបានល្អនូវការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន រួមមាន សេវាតម្រូវការ និងសេវាសំណូមពរ, ក្នុងនាមជាមន្ត្រីរាជការត្រូវចូលរួម ក្នុងការ បម្រើប្រជាពលរដ្ឋឲ្យបានល្អ គឺមន្ត្រីរបស់យើងត្រូវតែសកម្មក្នុងការងារ និងលុបបំបាត់ ភាពអសកម្មនានា, ត្រូវទៅចុះឈ្មោះបោះឆ្នោត ឲ្យបាន គ្រប់ៗគ្នា និងត្រូវមានសាមគ្គីផ្ទៃក្នុង និងកិច្ចសហការរវាងនារី ជាមួយនឹងរដ្ឋបាលខេត្ត និងបណ្តាមន្ទីរនានាជុំវិញខេត្ត។

ឆ្លៀតក្នុងឱកាសឆ្នាំថ្មី លោកជំទាវក៏បានឧបត្ថម្ភជាថវិកាដល់បងប្អូនជានារី និងអាវមួយជូនដល់សមាជិការដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរ ៕