ឯកឧត្ដមអភិបាល ខេត្តកំពង់ចាម អនុញ្ញាតឲ្យ ថ្នាក់ដឹកនាំសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ ជួបសំដែងការគួរសម និងពិភាក្សាការងារ


«ខ្ញុំ សូមសម្ដែងនូវគាវរៈកិច្ចស្វាគមន៍ និងទឹកចិត្តសប្បាយរីករាយបំផុត ហើយសង្ឃឹមថា យើងនឹងនៅតែរួមគ្នា ធ្វើការងារសប្បុរសធម៌ និងកិច្ចការសង្គម ដូចអ្វីដែលធ្លាប់បានធ្វើ ជាមួយនឹងថ្នាក់ដឹកនាំមុនៗ ក្នុងគោលដៅតែមួយ ដើម្បី ជួយដល់ប្រជាពលរដ្ឋ និងខេត្តកំពង់ចាម» ។ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បញ្ជាក់ជូនគណៈប្រតិភូ ក្នុងឱកាសអនុញ្ញាតឲ្យ ថ្នាក់ដឹកនាំសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ជួបសំដែងការគួរសម និងពិភាក្សាការងារ ដែលរៀបចំនៅសាលសាឡុង សាលាខេត្ត នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នេះ ។

ឯកឧត្ដម អភិបាលខេត្ត មានប្រសាសន៍ថា សមាគមនិកាយសាសនាចក្រ ធ្លាប់បានជួយឧបត្ថម្ភគាំទ្រ ដល់ខេត្តកំពង់ចាម តាំងពីឆ្នាំ២០១៦ មកម៉្លេះ ។ ជាមួយនោះ ក៏ធ្លាប់បានគាំទ្រនូវសកម្មភាពផ្សេងៗ មុន មុនឆ្នាំនេះទៅទៀត ក្នុងការរួមចំណែកធ្វើឲ្យកម្រិតជីវភាព របស់ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម ដោយមិនប្រកាន់នូវនិន្នការនយោបាយឡើយ ។ ឯកឧត្ដម បានបញ្ជាក់ដែរថា តាមរយៈ សកម្មភាពទាំងអស់នេះ នាថ្ងៃបន្តបន្ទាប់សមាគម នៅតែបន្តសកម្មភាពរបស់ខ្លួន ទៅលើវិស័យអាទិភាពនានា ដើម្បី ជួយដល់ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម ។ ទាក់ទងទៅនឹងលទ្ធផល នៃជំនួបពិភាក្សាការងារ ជាមួយអតីតអភិបាលខេត្ត លើការគាំទ្រផ្នែកសុខភាព និងបច្ចេកទេសមួយចំនួន កាលពីពេលថ្មីៗកន្លងទៅ ឯកឧត្ដម អ៊ុន ចាន់ដា បញ្ជាក់ថា អាជ្ញាធរខេត្ត គាំទ្រជានិច្ច ចំពោះ បំណងទាំងឡាយ ដែលចូលក្នុងសកម្មភាពមនុស្សធម៌ និងការលើកកម្ពស់គុណភាពជីវតបស់ប្រជាជន ផងដែរ ។ ដូច្នេះ យើងនឹងបន្តដំណើរ នៅលើផ្លូវតែមួយជាមួយគ្នាបន្តទៀត ដើម្បី ជួយដល់ប្រជាពលរដ្ឋ និងខេត្តកំពង់ចាម ឲ្យកាន់តែរីកចំរើនទ្វេរឡើង ថែមមួយកម្រិតទៀត ។

ជាការឆ្លើយតប តំណាងប្រតិភូ លោក អ៊ីលដឺរ មឺស (Elder Mers) ប្រធានតំបន់អាស៊ី សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានបញ្ជាក់ថា ពេលនេះ យើងបានរៀបចំនូវក្រុមវេជ្ជបណ្ឌិត មានជំនាញ និងបទពិសោធន៍ ដើម្បី ជួយជ្រោមជ្រែងដល់វិស័យសុខាភិបាល នៅក្នុងខេត្តកំពង់ចាម ពីព្រោះថា បច្ចុប្បន្ន ពួកគាត់កំពុងស្នាក់នៅ និងបំពេញបេសកកម្ម នៅនេះផ្ទាល់តែម្ដង ។ លោក Mers បន្ថែមថា នៅពេលខាងមុខ ពួកគាត់នឹងចុះទៅហ្វឹកហ្វឺន ដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកពេទ្យ ដើម្បី ទទួលបានជំនាញ និងមានលទ្ធភាពគ្រប់គ្រាន ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋ នៅតាមន្ទីរពេទ្យ និងមណ្ឌលសុខភាព ឲ្យកាន់តែប្រសើរឡើងថែមទៀត ។

គួររំលឹកដែរថា កាលពីថ្ងៃទី២៧ ខែឧសភា ថ្មីៗកន្លងទៅ គណៈប្រតិភូខាងលើ ធ្លាប់បានពិភាក្សាការងារ ជាមួយអតីតអភិបាលខេត្ត ដោយបានបង្ហាញនូវគោលជំហរ ដើម្បី ជួយអភិវឌ្ឍនូវធនធានមនុស្ស និងផ្ដល់នូវសម្ភារៈបច្ចេកទេសមួយចំនួន ទៅដល់មណ្ឌលសុខភាព និងមន្ទីរពេទ្យ នៅក្នុងខេត្តកំពង់ចាម ។ ជាមួយនឹង គោលបំណងច្បាស់លាស់នេះ សមាគមនេះ ក៏បានរៀបចំ ជាក្រុមវេជ្ជបណ្ឌិត ដែលបានចូលនិវត្ត មានសមត្ថភាព ជំនាញ និងបទពិសោធន៍ មកបំពេញបេសកកម្មមនុស្សធម៌ ដោយស្ម័គ្រចិត្ត ដើម្បី ជួយដល់វិស័យសុខាភិបាល នៅលើទឹកដីខេត្តកំពង់ចាម ៕