លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈ មហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស លើកទី ២៧ នៅខេត្តស្វាយរៀង


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈ មហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស លើកទី ២៧ ដែលពិធីនេះរៀបចំឡើងនៅសាលប្រជុំខេត្តស្វាយរៀង, រសៀលថ្ងៃច័ន្ទ ៤រោច ខែស្រាពណ៍ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែ សីហា ឆ្នាំ ២០១៩។

លោកជំទាវក៏បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ដើម្បីជាប្រយោជន៍ក្នុងការរួមចំណែកពង្រឹងសាមគ្គីភាព ការលើកកម្ពស់វប្បធម៌នៃការយោគយល់គ្នា ក្នុងចំណោមពុទ្ធសាសនិក ក៏ដូចជាប្រជាជនកម្ពុជារបស់យើងនៅគ្រប់សមាសភាពសង្គម ។ រាជរដ្ឋាភិបាល និងពុទ្ធសាសនិកទាំងអស់ នៅតែបន្ដការពារ និងគោរព ព្រមទាំងលើកស្ទួយព្រះពុទ្ធសាសនាជាដរាប ដោយធ្វើយ៉ាងណាឲ្យកម្លាំងដ៏មានឥទ្ធិពល នៃព្រះពុទ្ធសាសនា បន្ដស្ថិតនៅ និងជ្រួតជ្រាបក្នុងក្រអៅបេះដូង នៃប្រជាជនខ្មែរ និងស្ថិតស្ថេរគង់វង្សស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានចូលរួមចំណែកផ្តល់នូវអនុសាសន៍មួយចំនួនដូចតទៅ៖

១៖ មន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដែលមានស្រាប់ដូចជា ព្រះរាជក្រឹត្យ ព្រះរាជក្រម អនុក្រឹត្យ សង្ឃប្រកាស សារាចរ សេចក្តីសម្រេច និងស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក៏ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន ដើម្បីប្រែក្លាយឲ្យទៅជាកម្លាំងចលករ ដ៏មានសារៈសំខាន់សម្រាប់លើកស្ទួយវិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែរឹងមាំល្អផូរផង់។

២៖ មន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាឲ្យកាន់តែល្អប្រសើរឡើង តាមព្រះវិន័យ តាមឋានានុក្រម ដើម្បីពង្រឹងនូវការឯកភាព សាមគ្គីភាព ក្នុងស្ថាប័នព្រះពុទ្ធសាសនា ជាគម្រូល្អជាពុម្ពដ៏ល្អដល់ពុទ្ធបរិស័ទ និងរួមចំណែកជួយអប់រំសីលធម៌ដល់សង្គម។

៣៖ មន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់កិច្ចសហប្រតិបត្តិការល្អឡើងថែមទៀត ជាមួយមន្ទីរធម្មការ និងសាសនាខេត្ត ក៏ដូចជាការិយាល័យធម្មការ និងសាសនា គ្រប់ក្រុង-ស្រុក ដើម្បីសហការបំពេញការងារឲ្យកាន់តែទទួលលទ្ធផលល្អ ប្រកបដោយការយោគយល់គ្នា និងអធ្យាស្រ័យគ្នាទៅវិញទៅមក។

៤ ៖ មន្ទីរធម្មការ និងសាសនាខេត្ត និងសាលាគណខេត្ត ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពសាលាពុទ្ធិកគ្រប់កម្រិត ឲ្យក្លាយជាថ្នាលបណ្តុះបណ្តាលព្រះធម៌ ភាសាបាលី ភាសាសំស្ក្រឹត ចំណេះទូទៅ និងជំនាញវិជ្ជាជីវៈមួយដ៏ល្អប្រពៃក្នុងសង្គមជាតិ។

៥៖ មន្ទីរធម្មការ និងសាសនាខេត្ត និងសាលាគណខេត្ត ត្រូវយកចិត្តទុកដាក់ពង្រឹងការ ងាររដ្ឋបាលវត្ត និងផ្សព្វផ្សាយព្រះធម៌ តាមមធ្យោបាយនានា ដើម្បីជួយសតិអារម្មណ៍ពុទ្ធបរិស័ទ ឲ្យប្រព្រឹត្តអំពើល្អ ប្រកាន់សច្ចធម៌សង្គម និងជៀសវាងអំពើបាបគ្រប់ប្រភេទ។

៦៖ មន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ គប្បីចលនាព្រះសង្ឃពុទ្ធសាសនា ឱ្យចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយទប់ស្កាត់កុំឱ្យមានគ្រឿងញៀន និងបង្កលក្ខណៈឱ្យមានការគោរពច្បាប់ចរាចរណ៍ក្នុងសង្គម តាមរយៈការបញ្ជ្រាបព្រះធម៌ទេសនានានា ការអប់រំតាមសាលារៀន តាមសហគមន៍ ដើម្បីកាត់បន្ថយនូវភាពវិនាសអន្តរាយដោយសារឥទ្ធិពលគ្រឿងញៀន។

៧៖ មន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ មន្ទីរធម្មការ និងសាសនាខេត្ត និងសាលាគណខេត្ត ត្រូវបន្តជម្រុញឱ្យភិក្ខុ សាមណេរ ក្រោមឱវាទរបស់ខ្លួនសិក្សារៀនសូត្រធម៌វិន័យ ឱ្យបានចេះចាំស្ទាត់ជំនាញ និងបដិបត្តិនូវព្រះធម្មវិន័យនោះៗឱ្យបានដ៏ប្រសើរខ្ពង់ខ្ពស់ ព្រមទាំងបង្កើតឱ្យមាន កម្មវិធីចម្រើនសមាធិកម្មដ្ឋាន ដើម្បីអប់រំហាត់តម្រង់ចិត្តគំនិតឱ្យសុខស្ងប់ និងរំងាប់បង់នូវធម៌ លោភៈ ទោសៈ និងមោហៈ ចេញពីសន្តានចិត្ត ។

៨៖ ព្រះចៅអធិការវត្ត គ្រប់វត្តទូទាំងខេត្ត ត្រូវយកចិត្តទុកដាក់ថែរក្សា អភិរក្សនូវគម្ពីរសាស្រាស្លឹករឹត ក្បួនច្បាប់ផ្សេងៗ ក្នុងនោះក៏ត្រូវចេះការពារថែទាំធម្មជាតិ អភិរក្សរាល់សំណង់បុរាណ ដើម្បីរួមចំណែកលើកកម្ពស់វិស័យវប្បធម៌ ទេសចរណ៍ និងបរិស្ថានសង្គម ដោយស្របតាមព្រះវិន័យ និងការរីកចម្រើនរបស់ព្រះពុទ្ធសាសនា ៕