ពិធីសម្ពោធបើកឱ្យដំណើរការគម្រោងប្រព្រឹត្តិកម្មទឹកកខ្វក់


គម្រោងប្រព្រឹត្តិកម្មទឹកកខ្វក់ដែលបានឧបត្ថម្ភដោយស្ថានទូត នៃសាធារណរដ្ឋឆែក និង  ទីភ្នាក់ងារសម្រាប់ការអភិឌ្ឍឆែក ជូនដល់មជ្ឈមណ្ឌលការពារកុមារភូមិគ្រួសារថ្មី ដែលស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ត្រូវបានសម្ពោធបើកឱ្យដំណើរការកាលពីព្រឹកថ្ងៃចន្ទ ៤រោច​ ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ក្រោមវត្តមានរបស់ឯកឧត្តម Marek Libricky ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា និងឯកឧត្តម ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប រួមទាំងអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ និងក្រុមការងារបច្ចេកទេសទីភ្នាក់ងារសម្រាប់ការអភិឌ្ឍឆែកចូលរួមផងដែរ។

នៅក្នុងពិធីសម្ពោធនោះឯកឧត្តម Marek Libricky  បានមានប្រសាសន៍ថា គម្រោងប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលបានរៀបចំធ្វើឡើងដោយទីភ្នាក់ងារសម្រាប់ការអភិឌ្ឍឆែក និង ក្រុមហ៊ុន គឺបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់បរិស្ថាន តាមរយៈគម្រោងប្រព័ន្ធដីសើមប្រព្រឹត្តិកម្មទឹកស្អុយនៅមជ្ឈមណ្ឌលការពារកុមារភូមិគ្រួសារថ្មី នៃទឹកដីខេត្តសៀមរាប។

ឯកឧត្តម ពិន ប្រាកដ បានមានប្រសាសន៍ថ្លែងនូវអំណរគុណចំពោះឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា និងទីភ្នាក់ងារសម្រាប់ការអភិឌ្ឍឆែក ដែលបានផ្តល់នូវឧបករណ៍ក្នុងការចម្រោះទឹកកខ្វក់ដល់មជ្ឈមណ្ឌលការពារកុមារភូមិគ្រួសារថ្មី ហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវដំណើរការគម្រោងប្រព្រឹត្តិកម្មទឹកកខ្វក់នាពេលនេះ។ ពោលគឺស្របនឹងទិសដៅដែលរដ្ឋបាលខេត្តសៀមរាប បាននិងកំពុងជំរុញនូវការអនុវត្តយ៉ាងសកម្មលើវិស័យអភិវឌ្ឍន៍ជនបទ បរិស្ថាន ស្របតាមផែនការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ពិន ប្រាកដ បានបន្តថា ខេត្តសៀមរាបជាខេត្តគោលដៅទេសចរណ៍វប្បធម៌មួយដ៏សំខាន់ ដែលមានប្រជាជនរស់នៅក្នុងទីប្រជុំជនក្រុងប្រមាណជាង ៣០ម៉ឺននាក់ និង មានភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាប្រមាណជាង ៥លាននាក់ ជារៀងរាល់ឆ្នាំ ។ ដោយសន្ទុះនៃកំណើនប្រជាពលរដ្ឋ និងភ្ញៀវទេសចរគឺជំរុញនូវកិច្ចអភិវឌ្ឍន៍ខេត្ត លើគ្រប់វិស័យជាបន្តបន្ទាប់ ដែលញ៉ាំងឱ្យរដ្ឋបាលខេត្តតម្រូវការពង្រឹងពង្រីក រៀបចំនូវយន្តការ និងយុទ្ធសាស្រ្តសម្រាប់ដំណើរការ នៃការអភិវឌ្ឍខេត្តមួយនេះប្រកបដោយចីរភាព និង កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា។ ការសម្ពោធគម្រោងប្រព្រឹត្តិកម្មទឹកកខ្វក់ នៅមជ្ឈមណ្ឌលការពារកុមារភូមិគ្រួសារថ្មីនាពេលនេះ គឺបានឆ្លុះបញ្ចាំងពីការចូលរួមចំណែកអភិវឌ្ឍន៍មជ្ឈមណ្ឌលនិងខេត្តសៀមរាប និយាយជារួម និងនិយាយដោយឡែក គឺបង្កនូវលក្ខណៈរស់នៅកាន់តែប្រសើរ សម្រាប់កុមាររស់នៅក្នុងមជ្ឈមណ្ឌលផ្ទាល់ ក៏ដូចជាភាពងាយស្រួលនានាសម្រាប់បម្រើការងារប្រចាំថ្ងៃនៅទីនេះ និងបរិស្ថានជុំវិញផងដែរ។