ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣


នាថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង០៨:០០នាទីព្រឹក ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៤៩រូប ដើម្បីពិនិត្យ និងឲ្យយោបល់លើ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៨ មាត្រា៤០ មាត្រា៤១ មាត្រា៤៧ មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ មាត្រា៨២ និងមាត្រា៩០ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដែលត្រូវ ប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១១៥/០០១ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥។

នៅក្នុងអង្គប្រជុំ ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានឡើងធ្វើសេចក្តីរាយការណ៍អំពីការពិនិត្យ សិក្សាលើសេចក្តីព្រាងច្បាប់នេះ។

នៅក្នុងឱកាសនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនអមដោយមន្រ្តីជាន់ខ្ពស់ តំណាងរាជរដ្ឋាភិបាល បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៤៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។