សម្តេចតេជោ ហ៊ុន សែន ចង់ឃើញពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងទំនាក់ទំនងប្រជាជនកម្ពុជា-កូរ៉េខាងត្បូង កាន់តែរីកធំធាត់


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញបំណងចង់ឃើញការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) មានការរីកធំធាត់កាន់តែខ្លាំងបន្ថែមទៀត។ ក្រៅពីការចង់ឃើញទំហំពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រីកធំធាត់ហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏ចង់ឃើញទំនាក់ទំនងរវាងប្រជាពលរដ្ឋប្រទេសទាំងពីរកាន់តែប្រសើរថែមទៀតផងដែរ។

ការលើកបង្ហាញពីបំណងចង់ឃើញមានការពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋនេះ បានធ្វើឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក អូ ណាក់យ៉ុង (Oh Nak Young) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា ដែលចប់បេសកកម្មការងារចូលជួបជម្រាបលានៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានក្រុមអ្នកព័ត៌មាននៅក្រោយជំនួបនោះថា សម្តេចតេជោ ហ៊ុន សែន និងលោក អូ ណាក់យ៉ុង បានជជែកគ្នាជាច្រើនលើបញ្ហាទំនាក់ទំនង ការធ្វើពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំងពីរ ក៏ដូចជាកិច្ចការក្នុងតំបន់ផងដែរ។ ជាពិសេសលោកឯកអគ្គរដ្ឋទូតចប់អាណត្តិការងារ បានលើកបង្ហាញពីសមិទ្ធផលការងារសម្រេចបានក្នុងពេលលោកបំពេញការងារនៅកម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា ការវិនិយោគ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងក្របខណ្ឌទ្វេភាគីមានការរីកចម្រើនក៏ពិតមែន ប៉ុន្តែសម្តេចចង់ឃើញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការកើនឡើងថែមទៀត។ សម្ដេចតេជោ បានជំរុញឲ្យភាគីទាំងពីររិះរកវិធីពង្រីក និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យបានកាន់តែកើនឡើងថែមទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យភាគីកូរ៉េខាងត្បូង បន្តការនាំចូលផលិតផលកសិផលរបស់កម្ពុជា ចូលទៅកាន់ទីផ្សារកូរ៉េ គ្រាដែលកម្ពុជាមានសក្តានុពលជាច្រើនទៅលើផលិតផលកសិកម្ម ដូចជាផ្លែស្វាយជាដើម។ បន្ថែមពីលើនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ចង់ឃើញសាធារណរដ្ឋកូរ៉េ បង្កើនការវិនិយោគមកកាន់កម្ពុជាថែមទៀត។

ក្នុងកិច្ចពិភាក្សានោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរជាង ៨ពាន់នាក់ បានរៀបការជាមួយជនជាតិកូរ៉េ ហើយមានបុរសកម្ពុជា ប្រមាណ ៤០០នាក់ មានភរិយាជាជនជាតិកូរ៉េ មានន័យថា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនមានការកើនឡើង។ សម្ដេចតេជោ ចង់ឃើញទំនាក់ទំនងទ្វេភាគីនេះ មិនមែនត្រឹមតែការវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែចង់ឃើញទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជនមានការកើនឡើងថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកអំពីកិច្ចសហប្រតិបត្តិការផ្នែកអនុតំបន់មេគង្គ-កូរ៉េ ដែលសម្ដេចបានរីករាយនៅពេលកូរ៉េ សម្រេចទទួលយកអនុសាសន៍ របស់សម្ដេចតេជោ ក្នុងការដំឡើងកម្រិត នៃកិច្ចសហប្រតិបត្តិការ និងយន្តការនេះ។ សម្តេចតេជោ កត់សម្គាល់ថា កម្ពុជាបានទាញផលប្រយោជន៍ជាច្រើនទាំងកម្រិតទ្វេភាគីផង និងកម្រិតអនុតំបន់ផងដែរ ដោយសារតែកម្រិតអនុតំបន់មានគម្រោងជាច្រើន ក្នុងកិច្ចដំណើរការជំរុញការអភិវឌ្ឍនៅក្នុងចំណោមប្រទេសមេគង្គ រួមទាំងកម្ពុជាផងដែរ។

អំពីកិច្ចសហប្រតិបត្តិការក្នុងកម្រិតតំបន់រវាងអាស៊ាន-កូរ៉េវិញ ជាយន្តការដ៏សំខាន់គ្រាដែលកម្ពុជា ជាប្រទេសសម្របសម្រួលដោយសម្ដេចចង់ឃើញការរឹតចំណងមិត្តភាពបន្ថែមទៀត វិនិយោគ ពាណិជ្ជកម្មបន្ថែមទៀត ដើម្បីឲ្យឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច និងសង្គមសេដ្ឋកិច្ចអាស៊ាន-កូរ៉េថែមទៀត។

ក្នុងឧកាសនោះលោកឯកអគ្គរដ្ឋទូតកូរ៉េចប់អាណត្តិការងារ បានបញ្ជាក់ថា ក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងខ្លាំង និងមានការធ្វើទស្សនកិច្ចផ្លូវរដ្ឋ របស់លោកប្រធានាធិបតីសាធារណរដ្ឋកូរ៉េមកកម្ពុជា នៅក្នុងពេលរូបលោកធ្វើជាអគ្គរដ្ឋទូតនៅកម្ពុជា ដោយបានជំរុញការងារទ្វេភាគី ពិសេសលើពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ជាដើម។

លោកឯកអគ្គរដ្ឋទូតចប់អាណត្តិបានបញ្ជាក់ផងដែរថា នៅខែវិច្ឆិកានាពេលខាងមុខអាស៊ាន និងកូរ៉េ នឹងប្រារព្ធខួបនៃទំនាក់ទំនងនឹងគ្នា នៅសាធារណរដ្ឋកូរ៉េ គ្រាដែលបច្ចុប្បន្ននេះ កម្ពុជាជាប្រទេសសម្របសម្រួលកិច្ចសន្ទនាអាស៊ាន-កូរ៉េ។ ដូច្នេះកម្ពុជាមានតួនាទីសំខាន់នៅក្នុងកិច្ចការងាររវាងអាស៊ាននិងកូរ៉េ។ ពាក់ព័ន្ធជាមួយក្របខ័ណ្ឌអនុតំបន់ គឺមេគង្គ-កូរ៉េ កន្លងមកនេះ គឺមានយន្តការថ្នាក់រដ្ឋមន្ត្រីការបរទេស មេគង្គ-កូរ៉េ ដែលជាការផ្ដួចផ្ដើមរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យយន្តការនេះ កើនឡើងមួយកម្រិតទៀត ឲ្យដល់ថ្នាក់កំពូល។ សាធារណរដ្ឋកូរ៉េ ទទួលយកនូវសំណើរបស់សម្ដេចតេជោផងដែរ៕