កម្ពុជាចង់បានការវិនិយោគពីជប៉ុន លើការផលិតគ្រឿងបង្គំទោចក្រយាន ដើម្បីលើកស្ទួយឧស្សាហកម្មកម្មន្តសាល


ប្រភពពីក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យ​ដឹងថា​ កាលពីថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៩​ នៅទីស្តីការក្រសួង​ ឯកឧត្តម​ ប៉ាន សូរស័ក្តិ​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានអនុញ្ញាត​ឱ្យឯកឧត្តម ហូរីណូអូជិ ហ៊ីដេអ៊ីហ្សា (Horinouchi Hidehisa) ​ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំនៅកម្ពុជា ចូលជួប​ពិភាក្សាការងារ​។​

នៅក្នុង​ឱកាសនោះ​ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្នើ​ឱ្យ​ភាគីជប៉ុន​ ​ជួយកៀរគរវិនិយោគិនពីប្រទេសជប៉ុន មកបណ្តាក់ទុនលើការផលិតគ្រឿងបង្គំ និងសម្ភារទោចក្រយាន ដើម្បីលើកស្ទួយឧស្សាហកម្មកម្មន្តសាល និងពង្រីកការនាំចេញផលិតផលសម្រេច ទៅកាន់ទីផ្សារអន្តរជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍អំពី​កំណែទម្រង់ និងវិធានការសម្រួលពាណិជ្ជកម្ម ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងឱកាសធុរកិច្ច ដែលវិនិយោគិនជប៉ុនអាចកើបយកប្រាក់ចំណេញពីការផលិត និងនាំចេញទៅកាន់ប្រទេសទីបី ។ឯកឧត្តម​បាន​គូសបញ្ជាក់​ថា​ កម្ពុជាគឺជាប្រទេសនាំចេញកង់ធំបំផុតលំដាប់ទី២ ក្នុងពិភពលោក ទៅកាន់ទីផ្សារអឺរ៉ុប។ ប៉ុន្តែសម្ភារ និងគ្រឿងបង្គំមួយចំនួនត្រូវនាំចូលពីប្រទេសក្នុងតំបន់។ ដូច្នេះបើសិនមានក្រុមហ៊ុនផលិតកង់ ដូចជា Shimano មកវិនិយោគលើឧស្សាហកម្មនេះ គឺពិតជាប្រសើរបំផុត ពីព្រោះកម្ពុជា​កំពុងប្រែក្លាយពីប្រទេសប្រើប្រាស់កម្លាំង ទៅជាប្រើប្រាស់ជំនាញ ដើម្បីជំរុញការធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ច ដូចបានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥។

ទន្ទឹមនឹងនេះ​ឯកឧត្តមរដ្ឋមន្ត្រីក៏បានមាន​ប្រសាសន៍​ថ្លែងអំណរគុណចំពោះ​ឯកឧត្តមឯកអគ្គរាជទូត និងរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយឥតសំណងយ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់ប្រទេសកម្ពុជា ដើម្បីកសាងលទ្ធិប្រជាធិបតេយ្យ និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និង​បានស្នើឱ្យ​ភាគីជប៉ុនបន្តជួយគាំទ្រការអភិវឌ្ឍប្រទេសកម្ពុជាថែមទៀត រាប់តាំងពីវិស័យ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល កសិកម្ម និងអភិវឌ្ឍន៍ជនបទ…។

ដោយ​ឡែក ឯកឧត្តមឯកអគ្គរាជទូត​បានសម្តែងសេចក្តីសោមនស្ស ចំពោះវឌ្ឍនភាពទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាង កម្ពុជា-ជប៉ុន និងបានកោតសរសើរអំពីកំណែទម្រង់មុតស្រួច ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្រួលការធ្វើធុរកិច្ចរបស់វិនិយោគិនជប៉ុន។ ជាពិសេសការនាំចូលទំនិញនៅតាមមាត់ច្រកព្រំដែន និងសន្យាបន្តជួយគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការជំរុញវិនិយោ គិនជប៉ុន ឱ្យចូលមកបណ្តាក់ទុនកាន់ច្រើនថែមទៀត ដើម្បីបង្កើតការងារជូនប្រជាជន និងចូលរួមកាត់បន្ថយភាពក្រីក្រ៕