សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៤ក្រោមប្រធានបទ “តួនាទី ភារកិច្ចក្នុងការពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការ ការពារជាតិ និងសន្តិសុខ របស់រដ្ឋសភានៃប្រទេសកម្ពុជា ឡាវ វៀតណាម


សភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់​ផ្ទះស្ដីពីការរៀបចំកិច្ចប្រជុំលើកទី៤ ក្រោមប្រធានបទ “តួនាទីភារកិច្ចក្នុងការពិនិត្យតាមដាន របស់គណៈកម្មការ/គណៈកម្មាធិការការពារជាតិ និងសន្តិសុខរបស់រដ្ឋសភា នៃប្រទេសកម្ពុជា ឡាវ និងប្រទេសវៀតណាម ក្នុងការកសាងសហប្រតិបត្តិការ និងអភិវឌ្ឍន៍ព្រំដែនមួយប្រកបដោយសន្តិភាព និងមិត្តភាព”។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឱ្យដឹងថា គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ របស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះប្តូរវេនរៀបចំកិច្ចប្រជុំលើកទី៤ ក្រោមប្រធានបទ“តួនាទីភារកិច្ចក្នុងការពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការការពារជាតិ និងសន្តិសុខ នៃរដ្ឋសភាប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម ក្នុងការកសាង សហប្រតិបត្តិការ និងអភិវឌ្ឍន៍ព្រំដែនមួយប្រកបដោយសន្តិភាព និងមិត្តភាព” នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ។

កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងដោយមានការចូលរួមពីប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខ របស់រដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខ របស់រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម, និងប្រធានគណៈកម្មការមហាផ្ទៃការពារជាតិ និងមុខងារសាធារណៈ របស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះនឹងពិភាក្សាលើ ប្រធានបទសំខាន់ៗមួយចំនួនដូចជា៖ លទ្ធផលការងារ និងទិសដៅអនុវត្តន៍បន្តក្នុងការរក្សាសន្តិសុខតាមបណ្តោយព្រំដែន – វឌ្ឍនភាព និងតួនាទី ភារកិច្ចរបស់គណៈកម្មការ/គណៈកម្មាធិការក្នុងការពិនិត្យតាមដាន និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព ការពិនិត្យ ពិភាក្សា និងចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំលើកទី៤ ៕