រដ្ឋមន្ត្រី ថោង ខុន អញ្ជើញបិទសន្និសីទអន្តរជាតិស្តីពីទេសចរណ៍ម្ហូបអាហារ និងផ្តល់អនុសាសន៍ណែនាំមួយចំនួន


(ភ្នំពេញ)៖ នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ស៊ូ ជីង (Xu Jing) នាយកប្រចាំតំបន់អាសុីប៉ាសុីហ្វីកនៃអង្គការទេសចរណ៍ពិភពលោក (UNWTO) បានអញ្ជើញបិទសន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសចរណ៍ម្ហូបអាហារកម្ពុជា ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍សំខាន់ៗដូចខាងក្រោម៖

− ម្ហូបអាហារ ដែលជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ មានតួនាទី ជាកម្លាំងចលករ (Driver) កាន់តែសំខាន់ឡើងក្នុងទាក់ទាញភ្ញៀវទេសចរដែលមិនធ្លាប់ចេញដើរកំសាន្ត ។ ក្នុងន័យនេះ ការអភិវឌ្ឍទេសចរណ៍ម្ហូប អាហារនឹងចូលរួមទាក់ ទាញទេសចរថ្មីៗកាន់តែច្រើនមកទស្សនាកម្ពុជា។
− ម្ហូបអាហារជាកត្តាគន្លឹះក្នុងការបង្កើតភាពខុសប្លែកគ្នាឲ្យ កាន់តែច្រើន ផ្ដល់ ជម្រើសកាន់តែសំបូរបែបដល់ទេសចរ ក៏ដូចជាចូលរួមពង្រឹងភាពទាក់ទាញនៃតំបន់គោលដៅ។
− ម្ហូបអាហារចូលរួមពន្លឿនការសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ស្របតាម ខ្លឹមសារនៃសេចក្ដីថ្លែងការណ៍ Chendou ឆ្នាំ២០១៧ ស្ដីពីទេសចរណ៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការអភិវឌ្ឍទេសចរណ៍ម្ហូប អាហារត្រូវគិតគូរដល់គោលការណ៍ត្រីកោណគឺ Cuisine, Product និង Territory ។ Cuisine សំដៅលើ ការចម្អិន, Product សំដៅលើ មុខម្ហូប រីឯ Territory (មានន័យថាទឹកដី) សំដៅលើការដាំដុះផលិតផលម្ហូបអាហារ និងធនធានផ្សេងៗទៀត ដូចជា ប្រពៃណី ទំនៀមទំលាប់ និងធនធានធម្មជាតិ ដែលបង្កើតអត្តសញ្ញាណនៃដែនដីនោះ។
− បន្តពង្រឹង និងជំរុញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសមន្ទីរទសចរណ៍រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់លើការរៀបចំម្ហូបអាហារតាមដងវិថី (Street Food) និងដងវិថីម្ហូបអាហារ (Food Street) ប្រកបដោយ អនាម័យ និងការច្នៃប្រឌិត ដើម្បីទាក់ទាញទេសចរ។
− ស្នើឲ្យមានការចូលរួមគាំទ្រការរៀបចំសន្និសីទអន្តរជាតិនេះជាលើកទី២ និងបន្តបន្ទាប់នៅឆ្នាំក្រោយៗទៀត ហើយដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍ម្ហូបអាហារកម្ពុជា ក្រសួងទេសចរណ៍នឹងបង្កើតក្រុមការងារមួយ ដែលនឹង ទទួលបន្ទុកអនុវត្តស្មារតីនៃអង្គសន្និសីទនេះ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានជូនអង្គសន្និសីទថា កម្ពុជានឹងមានព្រឹត្តិការណ៍ធំៗមួយចំនួនទៀត នាពេលខាងមុខ៖
− ខែវិច្ឆិកា ឆ្នាំ២០១៩៖ កិច្ចប្រជុំថ្នាក់ដឹកនាំទេសចរណ៍ទទួលបន្ទុកការអភិវឌ្ឍប្រកបដោយចីរភាព (INSTO) នៅខេត្តសៀមរាប
− ចុងឆ្នាំ២០១៩៖ សន្និសីទអន្តរជាតិស្ដីពីការសម្រួលការធ្វើដំណើរនៃប្រទេសអាស៊ានបូកបី
− ដើមឆ្នាំ២០២០៖ ការប្រណាំងកង់អន្តរជាតិតាមបណ្ដោយឆ្នេរសមុទ្រកម្ពុជា (ទម្រង់ដូច Tour de France នៅប្រទេសបារាំង)។
− នៅឆ្នាំ២០២០៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ អាស៊ី-អឺរ៉ុប
− ខែកុម្ភៈ ឆ្នាំ២០២០៖ មហោស្រពអូពេរ៉ាអន្តរជាតិលើកដំបូង ក្នុងតំបន់អង្គរ ដើម្បីអបអរខួប ២៥ឆ្នាំ នៃការបង្កើតអាជ្ញាធរ អប្សរា
− ខែមករា ឆ្នាំ២០២១៖ វេទិកាទេសចរណ៍អាស៊ាន ២០២១ (ATF 2021)
− ឆ្នាំ២០២២៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន
− ឆ្នាំ២០២៣៖ កម្ពុជានឹងធ្វើម្ចាស់ផ្ទះរៀបចំ SEA Games៕