ឯកឧត្តម ជាម ច័ន្ទសោភ័ណចុះជួបសំណេះសំណាល ជាមួយយុវជនឥស្លាម ប្រមាណ១៧០នាក់ នៅស្រុកសង្កែ ខេត្តបាត់ដំបង


បាត់ដំបង៖ ឯកឧត្តម​ ជាម ច័ន្ទសោភ័ណ​ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ​យុវជនគណបក្សខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ ចុះជួបសំណេះសំណាល ជាមួយយុវជនឥស្លាម ប្រមាណ១៧០នាក់ នៅស្រុកសង្កែ ខេត្តបាត់ដំបង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ​ស្មារតីថ្ងៃ​៧ មករា ១៩៧៩ គឺជារបស់រួម គឺជារបស់ជាតិទាំងមូល ហើយ៧មករា មិនបានចាត់ទុកអ្នកណាជាសត្រូវ ក្រៅតែពីរបបប្រល័យពូជសាសន៍ប៉ុល ពត នោះឡើយ ហើយ៧​មករា ជារបស់ប្រជាជនខ្មែរទាំងមូល។ ឯកឧត្តម​ក៏បាន​រំលឹកឡើងវិញ​ នូវស្រមោលអតីតកាលដ៏ជូរចត់មួយនេះ បានបំផ្លិចបំផ្លាញប្រជាពលរដ្ឋ ឲ្យព្រាត់ប្រាសនិរាសរហូតមកដល់សព្វថ្ងៃនេះ មិនមានក្រុមគ្រួសារណាមួយ ដែលមិនបានបាត់បង់សមាជិកគ្រួសារខ្លួននោះទេ​។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ បញ្ជាក់ថា «ការដួលរលំយ៉ាងឆាប់រហ័ស នៃរបបប្រល័យពូជសាសន៍ប៉ុល ពត មិនមែនគ្រាន់តែការចាប់ផ្តើម ដោយការវាយលុករបស់កងទ័ពរណសិរ្សសាមគ្គីជាតិសង្គ្រោះជាតិកម្ពុជា ឬក៏ការជួយឧបត្ថម្ភ របស់កងទ័ពស្ម័គ្រចិត្តវៀតណាមនោះទេ អ្វីដែលធំជាងនេះទៅទៀត គឺការចូលរួមរបស់ប្រជាជនកម្ពុជាតែម្តង​»

ឯកឧត្តមប្រធានក្រុមការងារ​យុវជនគណបក្សខេត្តបាត់ដំបង បានថ្លែងថា ប្រជាជននៅតែចងចាំជានិច្ចក្នុងក្រអៅបេះដូងគ្រប់ៗគ្នា ពីគុណូបការៈមិនអាចកាត់ថ្លៃបាន របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលស្ទើរតែពេញមួយជីវិតរបស់សម្តេច គឺបានបូជាអាយុជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន ហើយសម្តេចមិនត្រឹមតែជាតួអង្គ​សំខាន់ នៃការធ្វើឲ្យប្រជាជាតិ និងប្រជាជនត្រូវបានរំដោះរួចផុតពីក្រញាំពួកបិសាចប្រល័យពូជសាសន៍នៅ ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ប៉ុណ្ណោះទេ តែថែមទាំងជាតួអង្គស្ថាបនិក នៃការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះ ការស្តារប្រទេសជាតិឲ្យមានកេរ្តិ៍ឈ្មោះលេចត្រដែតឡើងវិញ លើឆាកអន្តរជាតិ ហើយបាននឹងកំពុងកែប្រែមុខមាត់ប្រទេសជាតិ ឲ្យមានការរីកចម្រើន ប្រជាជនមានជីវភាពធូរធារជាបន្តបន្ទាប់។

ជាមួយគ្នានោះ យុវជនឥស្លាមទាំងបានប្រកាសថា «យើងខ្ញុំទាំងអស់គ្នាសូមប្រកាសជាឱឡារិក គាំទ្របេក្ខភាព សម្តេច​តេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់គ្រប់អាណត្តិ និងអាណត្តិក្រោយៗទៀត»