ឯកឧត្តមឯ​ម ច័ន្ទមករា៖ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ទាមទារឲ្យតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដោយយកចិត្តទុកដាក់ខ្ពស់បំផុត


(សៀមរាប)៖ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៩-២០២៣នេះ មានទិសដៅជាយុទ្ធសាស្រ្តសំខាន់ៗចំនួន១០ ផ្តោតលើការកាត់បន្ថយភាពក្រីក្ររបស់ជនពិការ ការផ្តល់សេវាសុខភាព ប្រកបដោយគុណភាពនិងសមភាព ព្រមទាំងការស្តារលទ្ធភាពពលកម្មកាយសម្បទា និងសតិបញ្ញា ការផ្តល់សេវាយុត្តិធម៌ ការពារ ការរើសអើង ការរំលោភបំពាន ការប្រមាថ និងការកេងប្រវ័ញ្ចលើជនពិការ ការអប់រំ ការចូលរួម ក្នុងការសម្តែងមតិ ទទួលព័ត៌មាន និងចូលរួមជីវភាពនយោបាយ ការអភិវឌ្ឍនិង កែសម្រួលឲ្យមានលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់បរិស្ថានរូបវន្ត មធ្យោបាយដឹកជញ្ជូនបម្រើជាសាធារណៈ ចំណេះដឹង ព័ត៌មាន និងទំនាក់ទំនងចំពោះជនពិការ ការធានាសមភាពយេនឌ័រ និងការលើកកម្ពស់សមត្ថភាព ស្តីនិងកុមារពិការការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយថ្នាក់អន្តរជាតិ។

ផែនការយុទ្ធសាស្ត្រនេះ គឺជាឧបករណ៍គោលនយោបាយជាថាមវន្ត ដែលទាមទារឲ្យមានការតាមដាន ការត្រួតពិនិត្យ និងការវាយតម្លៃ និងកែលម្អជាប្រចាំដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនាពេលអនាគត។

នេះជាការលើកឡើងរបស់ ឯកឧត្តម ឯ​ម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ​ នៅក្នុងកិច្ចប្រជុំរៀបចំពិនិត្យសម្រេច កម្រិតបច្ចេកទេសចុងក្រោយ ដែលនឹងត្រូវប្រើរយៈពេល៥ថ្ងៃ នៅខេត្តសៀមរាប ពីថ្ងៃទី២៦-៣០ ខែសីហា ឆ្នាំ២០១៩នេះ។

ឯកឧត្តម ឯ​ម ច័ន្ទមករា បានលើកឡើងថា ថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមានតំណាងពីក្រសួង-ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល ជនមានពិការភាពនឹងត្រូវអញ្ជើញឱ្យផ្តល់យោបល់ និងពិនិត្យសម្រចនូវសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ មុននឹងបញ្ជូនទៅសុំសេចក្តីសម្រេចពីរាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពនេះ ២០១៩-២០២៣ ដ៏មានសារៈសំខាន់នេះ នឹងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕