សមិទ្ធផលស្តង់ដារដ៏ធំមួយ រួមមាន អគារសិក្សា៣ជាន់ ចំនួន២ខ្នង ស្មើនឹង៣៦បន្ទប់ ព្រមទាំងបន្ទប់ការងារ និងបន្ទប់ស្នាក់នៅរបស់លោកគ្រូអ្នកគ្រូ ទីលានកីឡដ្ឋាន របង ក្លោងទ្វារ ផ្លូវចាក់បេតុង រួមទាំងគ្រឿងបរិក្ខា អំពូលភ្លើងសូឡា កុំព្យូទ័រ៥គ្រឿង ព្រីនធឺរ២គ្រឿង និងម៉ាស៊ីនហ្វូតូកូពី១គ្រឿង ក្នុងអនុ និងវិទ្យាល័យឈើតុំ ដែលចំណាយថវិកាជាង ៥០ម៉ឺនដុល្លារ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះ។
ពិធីបញ្ចុះបឋមសិលាខាងលើនេះ ធ្វើឡើងនៅបរិវេណ អនុនិងវិទ្យាល័យឈើតុំ ស្ថិតក្នុងភូមិឈើតុំ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី ឯកឧត្តម កែវ វីរៈ អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំឈើតុំ អាជ្ញាធរស្រុក ឃុំ លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
លោក ប៊ិន វណ្ណា អភិបាលស្រុកក្រគរ បានជម្រាបជូនថា អនុនិងវិទ្យាល័យឈើតុំសព្វថ្ងៃ មានអគារសិក្សា៣ខ្នង ស្នើនឹង១៥បន្ទប់ ក្នុងនោះដក២បន្ទប់ សម្រាប់ទីចាត់ការប្រើប្រាស់ និងមានសិស្សានុសិស្សកើតឡើងរហូតដល់ ៧១៥នាក់ ហើយលោកគ្រូអ្នកគ្រូ បានធ្វើរោងដោលមួយខ្នងទៀត ដើម្បីឲ្យសិស្សរៀនបន្ថែម។ ស្ថិតក្នុងស្ថានភាពបែបនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អំណោយស្តង់ដារសន្ធឹកសន្ធាប់ ដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ អនុនិងវិទ្យាល័យឈើតុំ តាមរយៈសារសម្លេងទូរស័ព្ទ របស់នាយឧត្តមសេនីយ៍ ខេង សាម៉េត ទីប្រឹក្សាសម្តេចតេជោ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ការដែលរាជរដ្ឋាភិបាល ខិតខំបង្កើតនូវសាលារៀន អគារសិក្សាជាច្រើនកន្លែងនៅទូទាំងប្រទេស គឺមានសារសំខាន់ ក្នុងការផ្តល់នូវចំណេះដឹង ដល់កូនចៅប្រជាពលរដ្ឋ ឲ្យមានកន្លែងសមរម្យសម្រាប់ការសិក្សា ព្រោះថាការបណ្តុះបណ្តាលធនធានមនុស្សឲ្យបានច្រើន ទើបដំណើរការអភិវឌ្ឍប្រទេសជាតិបានលឿនទៅមុខ។ តែទោះជាយ៉ាងណា តួនាទីរបស់គ្រូបង្រៀន និងសាលារៀន មានសារសំខាន់ណាស់ក្នុងការតម្រង់ ទិសឲ្យសិស្សរៀនចេះគិត ពិចារណាបានច្រើន និងអាចបំពេញកិច្ចការងារបានល្អ។
បន្ថែមពីនេះ លោកអភិបាលខេត្តពោធិ៍សាត់ បានរម្លឹកឡើងថា ប្រជាពលរដ្ឋទាំងអស់គ្នា មិនត្រូវបំភ្លេចបានទេនូវការកសាងសមិទ្ធផលទាំងអស់នេះឡើង ក៏ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញបរិបូរណ៍ ក្រោមគោលនយោបាយ ឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដូច្នេះត្រូវរួបរួមសាមគ្គីគ្នា ថែរក្សានូវសុខសន្តិភាពនេះឲ្យគង់វង្ស ស្ថិតស្ថេរជារៀងរហូតទៅថ្ងៃអនាគត។
ជាចុងបញ្ចប់ ឯកឧត្តម ម៉ៅ ធនិន បានចែកជូនវត្ថុកំដរដៃ ដល់ប្រជាពលរដ្ឋចូលរួមជាង១០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល លោកគ្រូអ្នកគ្រូ និងនាយិកាសាលា ទទួលបានថវិកា ១លានរៀល។ ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានបន្តទទួលបដិសណ្ឋារកិច្ច ប្រតិភូឯកអគ្គរាជទូតថៃ ប្រចាំប្រទេសកម្ពុជា លោក Nuttavudh Photisara ដែលធ្វើដំណើរឆ្លងកាត់ និងត្រួតពិនិត្យសក្តានុពល ដែលមាននៅក្នុងខេត្តពោធិ៍សាត់ផងដែរ៕