ភ្នំពេញ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧–សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានស្នើឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស អញ្ជើញទៅ ចូលរួមពិនិត្យផ្ទៀងផ្ទាត់ ឈ្មោះ ក្នុងបញ្ជីបោះឆ្នោតដំបូងដែលបានបិទផ្សាយនៅតាម ឃុំ សង្កាត់ ឱ្យបានរួសរាន់ ដើម្បីប្រើសិទ្ធិស្របច្បាប់ ក្នុងការបោះឆ្នោតនាពេលខាងមុខ។
យោងតាមហ្វេសប៊ុកសម្ដេចតេជោ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ បានឱ្យដឹងថា គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត បានបិទផ្សាយបញ្ជីឈ្មោះ អ្នកដែលបានចុះឈ្មោះ បោះឆ្នោតរួចរាល់ និងអ្នកដែលត្រូវបានលុបចេញពីបញ្ជីបោះឆ្នោតនៅតាមបណ្តាឃុំ-សង្កាត់ ទូទាំងប្រទេស ឬទីតាំងណាមួយនៃឃុំ-សង្កាត់។
សម្ដេចតេជោបានលើកឡើងថា ប្រសិន បើបងប្អូនពិនិត្យ ឃើញឈ្មោះខុស ឬបាត់ឈ្មោះ ឬមានបញ្ហា អ្វីមិនប្រក្រតី គឺបងប្អូនអាច ធ្វើការតវ៉ាបានក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។ ចំពោះការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ គឺមាន សារៈសំខាន់ខ្លាំងណាស់ សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមពិនិត្យផ្ទៀង ផ្ទាត់ ឈ្មោះក្នុងបញ្ជីបោះឆ្នោតដើម្បីមានសិទ្ធិស្របច្បាប់ ក្នុងការបោះឆ្នោតជ្រើសរើសតំណាង ដែលខ្លួនពេញចិត្ត។
ក្នុងសេចក្ដីអំពាវនាវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ក៏បានបញ្ជាក់ដែរថា បន្ទាប់ពីបញ្ចប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦រួចមក គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត នឹងធ្វើការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញ ពីបញ្ជីបោះឆ្នោតតាមឃុំ សង្កាត់នីមួយៗ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ នៅសាលាឃុំ សង្កាត់ និងទីតាំងណាមួយក្នុងឃុំ សង្កាត់ ទូទាំងប្រទេស។
ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញ ពីបញ្ជីបោះឆ្នោតតាមឃុំ សង្កាត់នីមួយៗមានគោលបំណង ដើម្បីជូនប្រជាពលរដ្ឋ ដូចជា ពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ ទិន្នន័យរបស់ខ្លួននៅក្នុងបញ្ជីបោះឆ្នោតដំបូង ឬការលុបឈ្មោះមិនត្រឹមត្រូវ ឬពិនិត្យរកឈ្មោះជនណា ដែលមិនមានលក្ខខណ្ឌ គ្រប់គ្រាន់ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែមានឈ្មោះនៅក្នុងបញ្ជី បោះឆ្នោតដំបូង។
ធ្វើការប្ដឹងតវ៉ាចំពោះការកត់ត្រាទិន្នន័យមិនត្រឹមត្រូវ ឬការបាត់ឈ្មោះ ឬការលុបឈ្មោះមិនត្រឹមត្រូវ។ ការប្ដឹងជំទាស់ចំពោះជនណា ដែលមានឈ្មោះច្រើនជាង មួយកន្លែង ឬឈ្មោះស្ទួន ឬជនដែលមិនមាន លក្ខខណ្ឌគ្រប់គ្រាន់ដើម្បីមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតដំបូង។
គ.ជ.ប ក៏បានអំពាវនាវចំពោះប្រជាពលរដ្ឋខ្មែរដែលបានចុះឈ្មោះ បោះឆ្នោតរួចហើយ អញ្ជើញទៅ ពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន នៅក្នុងបញ្ជីបោះឆ្នោតដំបូង តាមកាលបរិច្ឆេទ ខាងលើកុំបីខានឡើយ៕