ក្រសួងមហាផ្ទៃចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃកិច្ចការរដ្ឋបាលខេត្តបាត់ដំបង


នៅរសៀលថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃ បានធ្វើពិធីបើកការតាមដាន ត្រួតពិនិត្យ និង​វាយតម្លៃកិច្ចការរដ្ឋបាលខេត្តបាត់ដំបង ដោយសហការជាមួយនាយកដ្ឋានកិច្ចការរាជធានី ខណ្ឌ និងខេត្ត នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ហឿង សុគន្ធ អភិបាលរង នៃគណៈអភិបាលខេត្តបាតកដំបង ។

ឯកឧត្តម ហឿង សុគន្ធ អភិបាលរងខេត្ត បានរាយការណ៍សង្ខេបអំពីសកម្មភាពការងាររបស់រដ្ឋបាលខេត្ត បានអនុវត្តន៍កន្លងមកទទួលបានលទ្ធផលល្អលើគ្រប់វិស័យ ជូន ឯកឧត្តម ជួន រក្សា អនុប្រធាននាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងអង្គប្រជុំស្តាប់។

ឯកឧត្តម ជួន រក្សា អនុប្រធាននាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃបានពន្យល់អំពីការតាក់តែង លិខិតស្នាមកិច្ចការរដ្ឋបាល ធ្វើឱ្យបានត្រឹមត្រូវ ដើម្បីធ្វើឱ្យប្រព័ន្ធគ្រប់គ្រងងាយស្រួលបានល្អប្រសើរជាងមុន។ ឯកឧត្តមបានបន្តថា នៅពេលទំនេរយើងឈ្វេងយល់អំពីច្បាប់រដ្ឋបាល លិខិតបទដ្ឋានគតិយុត្តផ្សេងៗឱ្យបានច្រើន ដើម្បីយកមកអនុវត្តន៍ការងារបានល្អ និងមានភាពរីកចម្រើនតទៅ។

ឯកឧត្តម ជួន រក្សា មានប្រសាសន៍ទៀតថា ដោយបានបំពេញកម្រងសំណួរផ្សេងៗសម្រាប់ជួរថ្នាក់ដឹកនាំខេត្ត និងមន្រ្តីទាំងអស់ស្តីអំពីការកសាងលិខិត និងចរាចរលិខិតរដ្ឋបាល ការចុះហត្ថលេខាសង្ខេប បានត្រឹមត្រូវហើយឬនៅ និងការពាក់ព័ន្ធអំពីរបបប្រជុំប្រចាំខែ។ បើនិយាយអំពីច្បាប់ស្តីពីការគ្រប់គ្រងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ក្រោមជាតិ ពីការបម្រើសេវាសាធារណ: តាមរយៈអង្គភាពច្រកចេញ-ចូលជូនប្រជាពលរដ្ឋបានល្អប្រសើរ និងនៅមានចំណុចខ្វះខាតអ្វីខ្លះផងដែរ ៕