រដ្ឋសភាកម្ពុជាស្នើប្រទេសឡាវ និងវៀតណាម​ចូលរួមសហការទប់ស្កាត់បទល្មើសឆ្លងដែននៅតំបន់ត្រីកោណ


ប្រធានស្តីទីរដ្ឋសភាកម្ពុជាស្នើប្រទេសឡាវ និងវៀតណា​ចូលរួមសហការទប់ស្កាត់បទល្មើសឆ្លងដែនលើកកម្ពស់​កម្រិត​ជីវភាពធានាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅតំបន់ត្រីកោណអភិវឌ្ឍន៍។

នៅក្នុងកិច្ចប្រជុំលើកទី៤ រវាងគណៈកម្មការ/គណៈកម្មាធិការការពារជាតិនិងសន្តិសុខរបស់រដ្ឋសភា នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម នៅសណ្ឋាគារសុខាភ្នំពេញនាព្រឹកថ្ងៃទី២៧ ខែសីហា នេះឯកឧត្តមបណ្ឌិត ងួន ញ៉ិល ប្រធានស្តីទីរដ្ឋសភា បានជំរុញឲ្យស្ថាប័ន នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងភាគីពាក់ព័ន្ធដទៃទៀតនៃប្រទេសកម្ពុជាឡាវ និងវៀតណាមបន្តការខិតខំរួមគ្នាដោះស្រាយទប់ស្កាត់ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការនាំចេញ-នាំចូលទំនិញខុសច្បាប់ និងការកាប់ព្រៃឈើខុសច្បាប់ ជាពិសេសធ្វើឲ្យប្រាកដថា សន្តិសុខ សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈត្រូវបានធានា និងផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ចត្រូវបានចែករំលែកទៅដល់ប្រជាពលរដ្ឋនៃប្រទេសទាំងបី។

ឯកឧត្តមបញ្ជាក់ថា នៅពេលតំបន់ព្រំដែនមាន សន្តិភាពល្អនឹងទាក់ទាញ និងបង្កើតឱកាសដល់ការធ្វើជំនួញ ការវិនិយោគ ទេសចរណ៍ និងការធ្វើពាណិជ្ជកម្ម កាន់តែច្រើន ជាពិសេសតំណាងរាស្រ្តនៃខេត្តទាំង១៣ នៅតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលជាអ្នកនៅផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋបន្តពង្រឹង និងបង្កើនទំនាក់ទំនងរវាងគ្នាឲ្យកាន់តែជិតស្និទ្ធ និងសកម្មថែមទៀត ដើម្បីលើកកម្ពស់តួនាទីភាពជាតំណាង ក្នុងការពាំនាំនូវបញ្ហាប្រឈម និងក្តីកង្វល់នានាដែលប្រជាពលរដ្ឋ នៅទីនោះបាន និងកំពុងជួបប្រទះ សំដៅអន្តរាគមន៍ និងដោះស្រាយទាន់ពេលវេលា។

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភាកម្ពុជា ឯកឧត្តម ខាំស៊ុក វីនថាវង្ស ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខ នៃរដ្ឋសភាឡាវ ក៏ដូចជាឯកឧត្តម វ៉ក់ ចុកវៀត ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាវៀតណាមបានប្តេជ្ញា  ពង្រឹងកិច្ចសហការជិតស្និទ្ធ និងការអនុវត្តយ៉ាងល្អ នូវអនុស្សរណៈយោគយល់គ្នា ដែលថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងបីបានដាក់ចេញ និងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកំណត់ហេតុ នៃកិច្ចប្រជុំរបស់គណៈកម្មការជំនាញវិស័យសន្តិសុខ និងការពារជាតិ ចាប់តាំងពីឆ្នាំ២០១៤មកដើម្បីបន្តរឹតចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

កិច្ចប្រជុំលើកទី៤ រវាងគណៈកម្មការ/គណៈកម្មាធិការការពារជាតិនិងសន្តិសុខរបស់រដ្ឋសភា នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម នាពេលនេះគឺធ្វើឡើងក្រោមប្រធានបទស្តីពី “តួនាទី ភារកិច្ចក្នុងការពិនិត្យតាមដានរបស់គណៈ​កម្មការជំនាញរបស់រដ្ឋសភាទទួល បន្ទុកវិស័យការពារជាតិ និងសន្តិសុខ នៃប្រទេសទាំងបី ក្នុងការកសាងកិច្​ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ព្រំដែនមួយ ប្រកបដោយសន្តិភាព និងមិត្តភាព ” ៕