ប្រកាសចូលកាន់តំណែង ប្រធានមន្ទីររៀបចំដែនដី ខេត្តរតនគិរី, លោក លី ឧសភា ជំនួសលោក ទឹម ស៊ីណាត


(រតនគិរី)៖ ឯកឧត្តម ឆាន់ សុផាន់ រដ្ឋលេខាធិការប្រចាំការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង ចូលកាន់តំណែងរបស់លោក លី ឧសភា ជាប្រធានថ្មី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តរតនគិរីជំនួសលោក ទឹម ស៊ីណាត ដែលត្រូវបានផ្ទេភារកិច្ចទៅបម្រើការងារនៅក្រសួងវិញ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ថង សាវុន អភិបាលខេត្ត ព្រមទាំងប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុកទាំង ៩ក្នុងខេត្ត និងមន្រ្តីរាជការក្រោមឱវាទ មន្ទីររៀបចំដែនដី ជាច្រើនរូបទៀតផងដែរ។

 ឯកឧត្តម ឆាន់ សុផាន់ បានផ្ដាំផ្ញើមួយចំនួនដល់លោក លី ឧសភា ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវបន្តយកចិត្តទុកដាក់ ពង្រឹងគុណភាពការងារ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ នៃការផ្ដល់សេវាសាធារណៈ ជាពិសេសផ្ដោតលើសេវាសាធារណៈ ដែលជាតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការងារដីធ្លី និងការសាងសង់សំណង់ផ្សេងៗ ដើម្បីសម្រេចការងារនេះ ទាមទារនូវកិច្ចសហប្រតិបត្តិការ ពីគ្រប់ផ្នែកពាក់ព័ន្ធ ដែលត្រូវពន្លឿនការងារ ឱ្យបានស្មើដៃគ្នា ក្នុងគោលបំណងសម្រេចការផ្ដល់សេវា ទៅតាមបរិបទពេលវេលា ដែលបានកំណត់។

 ឯកឧត្តម ឆាន់ សុផាន់ ជំរុញថា ប្រធានមន្ទីរ និងប្រធានអង្គភាពគ្រប់គ្រងផ្ទាល់ ត្រូវគ្រប់គ្រងមន្ត្រីឱ្យបានហ្មត់ចត់ និងមានវិធានការម៉ឺងម៉ាត់ ចំពោះមន្ត្រីអសកម្ម និងមានវិធានការលើកទឹកចិត្ត ដល់មន្រ្តីបុគ្គលិក ដែលធ្វើការទៀតទាត់ និងមានគុណផលការងារល្អ។ ពាក់ព័ន្ធលើការងាររដ្ឋបាលដីធ្លី ត្រូវបន្តខិតខំជម្រះទិន្នន័យ ក្បាលដីកកស្ទះកន្លងមក ក្នុងកម្មវិធីចុះបញ្ជីដីធ្លីទូទៅ ក៏ដូចជាការចុះបញ្ជីដី តាមបទបញ្ជាលេខ០១បប។

ជាមួយគ្នានេះ ឯកឧត្តមក៏ស្នើដល់គណៈកម្មការរដ្ឋបាល ជួយពន្លឿនការពិនិត្យសម្រេច ឯកសារវិនិច្ឆ័យក្បាលដី ពិសេសទាក់ទងនឹងការសម្រេចពាក់ព័ន្ធ នឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីអាចចែកប័ណ្ណជូនប្រជាពលរដ្ឋ ទាន់ពេលវេលា។ គណៈកម្មាធិការសុរិយោដីថ្នាក់ក្រុង ស្រុក និងខេត្ត ត្រូវបន្តជំរុញដោះស្រាយឱ្យអស់ នូវទំនាស់ដែលនៅសេសសល់។ ទន្ទឹមនេះត្រូវជំរុញដោះស្រាយបណ្ដឹង ដែលអង្គភាពជំនាញបានទទួល។

លើការងាររៀបចំដែនដីលោករដ្ឋលេខាធិការ បានជំរុញមន្ទីររៀបចំដែនដីខេត្តរតនគិរី ត្រូវបញ្ចប់ផែនការរៀបចំដីខេត្ត និងប្លង់គោលប្រើប្រាស់ដី ស្រុកអូរយ៉ាដាវ និងស្រុកកូនមុំ។ ទប់ស្កាត់និងរុះរើសំណង់ខុសច្បាប់ ដែលរំលោភលើដីសាធារណៈ ដូចជាដីចំណីផ្លូវសាធារណៈ និងសួនច្បារសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ដល់សោភណភាព សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ពិសេសនៅតាមទីក្រុង ទីប្រជុំជន និងទប់ស្កាត់ឱ្យខាងតែបាន រាល់ការសាងសង់សំណង់ខុសច្បាប់ រំលោភលើដីសាធារណៈ តទៅមុខទៀត។

ចំពោះការងារសំណង់ត្រូវបន្តផ្សព្វផ្សាយ និងធ្វើការណែនាំដល់ប្រជាពលរដ្ឋ ពិសេសដល់ម្ចាស់សំណង់ និងអ្នកអភិវឌ្ឍអចលវត្ថុ ឱ្យយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធវិស័យសំណង់។ ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងជាមួយមហាជន ប្រជាជនធ្វើការតាមដានគ្រប់ការដ្ឋាន ដែលត្រូវចាប់ផ្ដើមរៀបចំការសាងសង់។

ក្នុងករណីពិនិត្យឃើញមានការខុសឆ្គងនឹងបទបញ្ញត្តិសំណង់ ទោះចំពោះអ្នកមាន ឫគ្មានលិខិតអនុញ្ញាតសាងសង់ ត្រូវការហាមឃាត់ផ្អាកការសាងសង់ ជាបណ្ដោះអាសន្នភ្លាម។ បន្ទាប់មកត្រូវបំពេញបែបទតាមនីតិវិធី និងគោលការណ៍ជាធរមាន៕